បងៗប្អូនៗនារី បើមានសញ្ញាទាំងនេះ គឺអាចកើតគីស ឬមហារីកសុដន់ បើតាមការបញ្ជាក់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃនេះ បានចូលខ្លួនបកស្រាយពន្យល់នារីៗឱ្យបានជ្រួតជ្រាបអំពីជំងឺមហារីកសុដន់ និងរបៀបស្ទាបនិងមើលសុដន់ដោយខ្លួនឯង ដើម្បីកិច្ចការពារនិងការយល់ដឹងពីសញ្ញាសង្ស័យ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា នៅស្រុកខ្មែរយើង ក៏ដូចជានៅស្រុកដទៃដែរ តែងតែមាននារីកើតនូវដុំគីស ជាពិសេសមហារីកសុដន់។
នៅស្រុកដែលមានការអប់រំខ្ពស់ និងមានវេជ្ជបណ្ឌិតជំនាញល្អ ពួកគេតែងនាំគ្នាទៅពិនិត្យបានញឹកញាប់។ ជាពិសេសនារីមានវ័យចន្លោះពី៤៥ទៅ៥៤ឆ្នាំ គឺជាវ័យដែលគេយកចិត្តទុកដាក់ចំពោះពិនិត្យសុដន់របស់ពួកគេមួយឆ្នាំមួយម្ដង ដើម្បីដឹងថា សុដន់របស់ពួកគេមានដុំគីស និងមានកូនដុំរឹងដូចថ្មនៅក្នុងនោះឬទេ។ គីសដែលមានសភាពដូចដុំទឹកទន់ៗ ចំណែកឯដុំរឹងៗដូចដុំថ្ម គឺជាសញ្ញាបញ្ជាក់ពីជំងឺមហារីកសុដន់។
ខុសពីនារីៗនៅស្រុកគេ នារីនៅស្រុកខ្មែរពុំសូវមានអ្នកពន្យល់អំពីចំណេះដឹងនេះដល់ពួកគាត់នោះទេ។ នារីមួយចំនួននៅស្រុកគេ នៅពេលដែលពួកគេលែងចង់បានកូន គឺគេចៀរសុដន់ចេញតែម្ដង។ ប៉ុន្តែនារីនៅក្នុងស្រុកខ្មែរយើងមិនបាច់ធ្វើដល់ម្ល៉ឹងពេកទេ ព្រោះយើងមានរបៀបចំនួនពីរ ដើម្បីកិច្ចការពារ និងការយល់ដឹងពីសញ្ញាសង្ស័យបានដោយខ្លួនឯង នោះគឺវីធីស្ទាបនិងមើលសុដន់ដោយខ្លួនឯងរៀងរាល់មួយខែម្ដង។
វិធីទី១ គឺតម្រូវឱ្យនារីៗងូតទឹកក្ដៅឧណ្ហៗ ដើម្បីធ្វើឱ្យកោសិកាសុដន់ទន់ងាយស្រួលពិនិត្យ គឺពិនិត្យដោយការសង្កេតរកមើលការប្រែប្រួលរបស់សុដន់ ឬខុសប្លែកពីធម្មតា។ នៅពេលងូតទឹកក្ដៅឧណ្ហហើយ នារីឈរនៅមុខកញ្ចក់ ហើយពត់ដៃទៅក្រោយ និងឱនទៅមុខបន្តិច ដើម្បីអាចមើលសុដន់របស់ខ្លួនឯងបានច្បាស់លាស់ ដើម្បីរកដុំពក ឬសញ្ញាមិនប្រក្រតី។ ប្រសិនបើសុដន់អ្នកមានដុំគីស នៅពេលអ្នកឱនទៅមុខ សុដន់របស់អ្នកនឹងប្រទាញឡើងមកវិញ។
មួយទៀត ប្រសិនបើអ្នកមើលទៅឃើញមានខួចស្រដៀងសម្បកក្រូច សុដន់ប្រែប្រួលខុសប្រក្រតី តឹងណែន និងនៅក្នុងសុដន់មានកូនដុំរឹងៗដូចថ្ម គឺជាសញ្ញាបញ្ជាក់ថា សុដន់របស់អ្នកមានដុំគីស ឬមហារីកសុដន់ហើយ។ ដូច្នេះអ្នកគួរគប្បីប្រញាប់ប្រញាលទៅពីគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញជំងឺស្ត្រីភ្លាម។
វិធីទី២ គឺការស្ទាប ក្រោយពេលងូតទឹកក្រៅឧណ្ហៗហើយ គេតម្រូវឱ្យនារីគេងនៅលើគ្រែ ហើយយកម្រាមដៃចំនួន៣ ស្ទាបពីលើចុះក្រោម។ នារីរស់នៅជាមួយសុដន់របស់គាត់២៤ម៉ោង ដូច្នេះនៅត្រង់ណាមិនប្រក្រតី គាត់ទទួលអារម្មណ៍ដឹងភ្លាម។ មួយទៀតស្ទាបជុំវិញ ចាប់ពីក្រោមក្លៀករហូតដល់ចំហៀងទ្រូងលើឆ្អឹងជំនីរ បើតឹងណែន ឬមានអ្វីរឹងដូចដុំថ្មខុសប្លែកពីធម្មតា គឺជាសញ្ញាគ្រោះថ្នាក់បញ្ជាក់ប្រាប់អ្នកឱ្យប្រុងប្រយ័ត្ន។
វីធីសាស្ត្រខាងលើនេះ ទោះបីជាស្ត្រីអាចពិនិត្យរកមុខសញ្ញាដុំគីស ឬមហារីកសុដន់ដោយខ្លួនឯងបានពិតមែន ប៉ុន្តែតាមការណែនាំរបស់វេជ្ជបណ្ឌិត នារីគួរគប្បីទៅជួបវេជ្ជបណ្ឌិតរោគស្ត្រីពិនិត្យឱ្យបានពីរដងក្នុងមួយឆ្នាំ ព្រោះធ្វើឱ្យនារីៗមានភាពកក់ក្ដៅបន្ថែមទៀត។
ក្រៅពីសញ្ញាដែលបានបង្ហាញនៅខាងលើ នៅមានសញ្ញាមួយចំនួនទៀត ដែលលោកវេជ្ជបណ្ឌិត បញ្ជាក់ថា នៅពេលចុងសុដន់អ្នកចាប់ផ្ដើមក្រហម ក្រហាយ ប៉ះឈឺ មានហៀរទឹករងៃខុសប្រក្រតីផងនោះ គឺជាសញ្ញាដំបៅ ឬមហារីក ដែលគ្រោះថ្នាក់បំផុតសម្រាប់នារីៗ ឬអាចនិយាយបានថា ជាដំណាក់កាលចុងក្រោយនៃជំងឺមហារីកសុដន់។
សូមបញ្ជាក់ថា រោគមហារីកសុដន់ជាទូទៅ គេបែងចែកជា៥ដំណាក់កាល គឺចាប់ពីដំណាក់កាលទីសូន្យ រហូតដល់ដំណាក់កាលទីបួន។ ដំណាកកាលទីបួន គឺជាដំណាក់កាលធ្ងន់ធ្ងរជាងគេ ពោលគឺមានភាគរយតិចតួចណាស់ដែលអាចព្យាបាលរស់រានមានជីវិតបាន។
ចំណែកដំណាក់កាលទី១ អាចការព្យាបាលបានជាសះស្បើយ៩៩% ដូច្នេះហើយទើបគេណែនាំឱ្យនារីឧស្សាហ៍ស្ទាបមើលខ្លួនឯង ដើម្បីបង្ហារជំងឺមហារីកសុដន់ដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយនិងធ្ងន់ធ្ងរបំផុត។
មហារីកសុដន់ ជាជំងឺដែលស្ត្រីអាចជួបប្រទះញឹកញាប់ជាងគេ ប្រសិនបើគេដឹងកាន់តែឆាប់ អ្នកជំងឺកាន់តែមានសំណាងអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធិភាព។ ក្នុងចំណោមអ្នកជំងឺមហារីកសុដន់១០នាក់ មាន៩នាក់ជាសះស្បើយ ប្រសិនបើគេបានទទួលការព្យាបាលតាំងពីដំណាក់កាលដំបូងភ្លាម។
បើគេក្នុងដំណាក់កាលចុងក្រោយ គឺជាដំណាកកាលឆ្លងទៅសរីរាង្គកាយផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យអ្នកជំងឺពិបាកព្យាបាល ព្រោះត្រូវព្យាបាលខ្លួនប្រាណទាំងមូល។ ដូច្នេះចំពោះស្ត្រីដែលកើតមានមហារីកសុដន់ គឺមហាសែនវេទនាបំផុត មិនមែនឈឺចាប់វេទនាតែគាត់ម្នាក់ឯងទេ មុនពេលគាត់ស្លាប់ត្រូវរងគ្រោះវេទនាដល់សមាជិកគ្រួសារទាំងមូល៕
ប្រភព៖ interconrooster.com