ដឹងតែក្លាយជាអ្នកមានហើយ រឿងបន់ស្រន់សុំលេខឆ្នោតនៅតែមានមិនចេះអស់ ហើយប្លែកៗទៀត…
ឆ្នោត គឺជាទម្រង់ល្បែងមួយប្រភេទដែលពាក់ព័ន្ធនឹងការទិញលេខណាមួយដែលខ្លួនឯងគិតថាជាលេខដែលឈ្នះរង្វាន់។ នៅប្រទេសខ្លះបង្កើតច្បាប់មិនអនុញ្ញាតិឱ្យមានការលេងចាក់ឆ្នោតឡើយ ខណៈដែលរដ្ឋាភិបាលខ្លះទៀតគាំទ្រ និងមានការរៀបចំជាឆ្នោតជាតិ ឬរដ្ឋ។
រីឯសម្រាប់ប្រទេសថៃនេះវិញ ការលេងឆ្នោតមិនត្រូវបានរដ្ឋាភិបាលហាមឃាត់នោះទេ រដ្ឋាភិបាលក៏បានរៀបចំឱ្យមានជាឆ្នោតរបស់រដ្ឋាភិបាលទៀតផង ដោយឆ្នោតនេះចេញរាល់កន្លះខែម្តង។
ប្រជាជនថៃភាគច្រើនជឿទៅលើអបិយជំនឿយ៉ាងខ្លាំង ដូចជាមានការបន់ស្រន់អ្នកតា វត្ថុសក្តិសិទ្ធ ព្រះម៉ែ ទេវតា ជំនាងផ្ទះ ព្រាយនៅតាមដើមឈើ ដោយហោចទៅសម្បីតែគោជើងពីរ ជ្រូកជើងប្រាំជើងប្រាំមួយក៏ពួកគេទៅសំពះបន់ស្រន់ដែរ ដូចជាថ្មីៗនេះ អ្នកស្រុក ណង ហាន ខេត្ត ឧបុនរាជថានី ពួកគេមានជំនឿទៅលើអ្នកតា ណានអ៊ិនប៉ែង ពួកគេតែងតែមកគោរពហើយជឿថា បើប្រាថ្នាអ្វីនឹងបានសម្រេច ជាពិសេសគឺរឿងសុំលេខឆ្នោតតែម្តង។
តួយ៉ាងដូចកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ មានអ្នកភូមិ ដុង រឿង ជាច្រើននាក់ និងនៅក្បែរនោះបានរៀបចំពិធីបួងសួងដ៏ធំមួយ ថ្វាយលោកតា ណានអ៊ិនប៉ែង ដើម្បីបួងសួងសុំលេខឆ្នោត ហើយត្រូវមើលលេខឆ្នោតនៅលើក្រណាត់ក្រហម។
មួយផ្សេងទៀតទាក់ទងជំនឿរឿងលេខឆ្នោតនេះដែរកាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ នៅវត្តស៊ីឧទុមផន ស្ថិតនៅភូមិ ៩ ឃុំ ណងក្រុត ស្រុក មឿងណៈខនសៈវ័ន ខេត្ត ណៈខនសៈវ័ន ដោយមានព្រះម៉ែដើមគគីមកចូលក្នុងយល់សប្តិលោកឪចៅអធិការថា ចង់ចូលមកនៅក្នុងវត្តដើម្បីប្រព្រឹត្តធម៌ជាមូយនឹងព្រះសង្ឃ ថែមទាំងប្រាប់លេខឆ្នោតឆុតទៀតផង។
មានជំនឿនៃរឿងឆ្នោតនេះបានកើតឡើងនៅផងដែរ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ កន្លងផុតទៅ នៅវត្ត ខែថែវ ឃុំ ឃុនកែវ ស្រុក ណៈខនឆ័យស៊ី ខេត្ត ណៈខនបៈថុម មានមនុស្សម្នាជាច្រើនបាននាំគ្នាមកគោរពបូជាសុំពរពីវត្ថុស័ក្តិសិទ្ធក្នុងវត្ត ដែលពួកគេជឿថាមានវត្ថុស័ក្តិសិទ្ធជាច្រើនឋិតនៅក្នុងវត្តដែលបានឱ្យលាភសំណាងដស់សាធារណៈជន នរណាបានគោរពបន់ស្រន់វត្ថុស័ក្តិសិទ្ធទាំងនេះនឹងមានសំណាងធំ ជាពិសេសនៅថ្ងៃទី ៩ ខែសីហា នេះ ដែលជនជាតិចិនប្រកាន់ថាជាលេខល្អ ទើបមនុស្សម្នានាំគ្នាមកគោរពបន់ស្រន់សុំពរពីវត្ថុស័ក្តិសិទ្ធនិងសុំលេខឆ្នោតដើម្បីបានផ្សងសំណាងក្រែងលត្រូវ៕
ប្រភព sakarach