សម្លឹងមើលដំបូលពីចម្ងាយស្មានតែជាក្បឿង សង្ស័យពេកស្រាប់តែចូលពិនិត្យមើលឱ្យកៀក ពិតជាគួរឲ្យរន្ធត់មែន
ខណៈពេលស្នាក់នៅផ្ទះជួលសំរាប់ដំណើរទេសចរណ៍វិស្សមកាល នៅមិនឆ្ងាយប៉ុន្មានពីសមុទ្រ បុរសម្នាក់បានឈរពីមាត់បង្អួចចោលភ្នែកទៅកាន់ទេសភាពខាងក្រៅ ។ នៅពេលនោះ គាត់ក៏បានភ្ញាក់ខ្លួនព្រឺត ចំពោះផ្ទះមួយដែលដំបូលគ្របដណ្តប់ក្បឿងខ្មៅក្រឹកគួរឲ្យចម្លែកក្នុងចិត្ត ។
បុរសដែលមានការចង់ដឹងចង់ឃើញនេះ មិនអស់ចិត្ត ក៏បានចូលទៅកៀកដំបូលផ្ទះអ្នកជិតខាងនោះ និងបានរកឃើញដំបូលក្បឿងមានប្រភេទផ្សេងៗគ្នា «ពណ៌ខ្មៅ និងពណ៌ត្នោត» ។
ពេលចូលកាន់តែកៀកមែនទែនទៅ គាត់ពិតជាស្រឡាំងកាំងតែម្តង ព្រោះវាមិនមានជាក្បឿងទេ តែជំនួសឲ្យសុទ្ធតែ «ព្រុយត្រីឆ្លាម» ត្រូវបានតម្រៀបរដូករណែលស្អេកស្កះ ជាហេតុធ្វើឲ្យគាត់កើតអារម្មណ៍ក្តៅក្រហាយជាខ្លាំង ។ដូច្នេះ គាត់ក៏បានផ្តិតយករូបភាពទាំងនេះ ដើម្បីរាយការណ៍ទៅអង្គការអភិរក្សសត្វ ។
ព្រុយត្រីឆ្លាមទាំងនោះ ត្រូវបានគេដឹកយកមកពីទីកន្លែងសម្ងាត់មួយ និងផ្ទេរចេញនៅកំពង់ផែក្បែរនោះ និងបន្ទាប់មក ក៏ហាលពួកវានៅលើដំបូលផ្ទះ ។ត្រីឆ្លាមត្រូវបានគេកាត់បំបែក និងបោះចូលក្នុងសមុទ្រវិញ ព្រោះសាច់របស់ពួកវាពុំអាចរក្សាទុកបានបានយូរទៀត ។
យោងតាមស្ថិតិ UN ជាមធ្យម ត្រីឆ្លាមប្រមាណ ៣០ ម៉ឺនក្បាល ត្រូវបានសម្លាប់ក្នុងមួយថ្ងៃៗ ។ អង្គការអភិរក្សបានអះអាងថា តួលេខពិតប្រាកដ គឺកើនឡើងខ្ពស់ជាងនេះ ៕