នៅចាំបុរសកំសត់ម្នាក់នេះទេ? ព្រោះតែក្ដុកក្ដួលខ្លាំងពេក ទើបព្រះអង្គម្ចាស់បារ៉ែន ជួយឧបត្ថម្ភលុយចំនួនជាង ១ ម៉ឺនដុល្លារ
ប្រទេសឥណ្ឌា៖ ក្រោយពីរូបថត ក៏ដូចជាវីដេអូដ៏កំសត់របស់លោក Dana Majhi ដែលលីសាកសពប្រពន្ធរបស់ខ្លួនទទួលបានការចាប់អារម្មណ៍ និង ល្បីល្បាញពេញបណ្តាញផ្សព្វផ្សាយរួចមក មានមហាជនជាច្រើនលើសាកលលោក បាននាំគ្នារិះគន់ខ្លាំងៗ ទៅលើមន្ទីរពេទ្យឥណ្ឌា ។ ការរិះគន់នេះដែរ គឺដោយសារ ភាពដាច់មេត្តា សុខចិត្តទុកឱ្យបុរសម្នាក់នេះសែងសាកសពប្រពន្ធដើរក្នុងរយៈចម្ងាយ ១០ គីឡូម៉ែត្រ ទម្រាំយករថយន្តមកជួយដឹកសពទៅស្រុកកំណើត ដែលនៅសល់ប្រមាណ ៦០ គីឡូម៉ែត្រទៀត។
មានប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន បានចុះផ្សាយបង្ហាញពីការឈឺចាប់របស់លោក Majhi ហើយក្នុងនោះ ប្រជាជនទូទាំងឥណ្ឌា និងពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ អំពីសាច់រឿងដ៏កម្សត់របស់បុរសរូបនេះ។ ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះមានដំណឹងថា លោក Majhi បានទទួលប្រាក់ជំនួយពីនាយករដ្ឋមន្ត្រីបារ៉ែន គឺព្រះអង្គម្ចាស់ Khalifa Bin Salman Al Khalifa ចំនួន ១៣.៣០០ ដុល្លារអាមេរិកតាមការសន្យារបស់ទ្រង់។ លោក Majhi បានទទួលប្រាក់នេះពីស្ថានទូតបារ៉ែន ប្រចាំទីក្រុង Delhi កាលពីថ្ងៃព្រហស្បតិ៍ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនេះ។ នាយករដ្ឋមន្ត្រីបារ៉ែន ដែលជាសមាជិកគ្រួសាររាជវង្សមានទ្រព្យបំផុតមួយក្នុងពិភពលោករូបនេះ មានព្រះហឫទ័យក្តុកក្តួលជាខ្លាំង បន្ទាប់ពីទ្រង់បានទតឃើញនូវការលំបាក និង កំសត់របស់បុរសកំសត់ Majhi។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសពោះម៉ាយ Majhi មានចិត្តត្រេកអរជាពន់ពេក ដែលបានទទួលប្រាក់ជំនួយទាំងអស់នេះ ហើយលោកនិយាយថា លោកអាចលៃលកប្រាក់នេះល្មមសម្រាប់ឱ្យកូនស្រីទាំង ៣ រៀបការ(តាមប្រពៃណីឥណ្ឌាគឺ ខាងស្រីត្រូវដណ្តឹងខាងប្រុស)។ ស្របពេលជាមួយគ្នានេះដែរ មានបណ្តាញផ្សព្វផ្សាយឥណ្ឌាជាច្រើន បានជួយរួមចំណែកសម្រាលដល់ការលំបាករបស់លោក Majhi ដោយការផ្សព្វផ្សាយពីសកម្មភាពលីសពប្រពន្ធចម្ងាយ ១០ គីឡូម៉ែត្រឲ្យពិភពលោកបានមើលឃើញ។ អាជ្ញាធរពេទ្យដែលបដិសេធដឹកសាកសព ភ្លាមនោះ ក៏បានសម្រេចបញ្ជូនរថយន្តចេញទៅដឹកសពប្រពន្ធរបស់លោក Majhi យ៉ាងប្រញាប់ក្នុងអំឡុងពេលរងសម្ពាធរិះគន់ និងកំហឹងរបស់ប្រជាជនទូទាំងប្រទេស។ មន្ទីរពេទ្យគ្មានចិត្តធម៌នោះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Bhawanipatna រដ្ឋ Odisha។
គួរបញ្ជាក់ដែរថា គ្រាដែលរថយន្តមន្ទីរពេទ្យចេញមកជួយដឹកសាសពប្រពន្ធរបស់ Majhi នោះ គឺខ្លួនគេបានលីសាកសពប្រពន្ធដើរបានចម្ងាយ ១០ គីឡូម៉ែត្ររួចទៅហើយ និងនៅសល់ ៦០ គីឡូម៉ែត្រទៀតទើបដល់ផ្ទះដែលស្ថិតនៅក្នុងភូមិមួយ ក្នុងរដ្ឋតែមួយខាងលើនេះ។ រឿងនេះមិនទាន់អាម៉ាសខ្លាំងសម្រាប់ប្រទេសឥណ្ឌានៅឡើយទេ អ្វីដែលអាម៉ាសបំផុតគឺនាយករដ្ឋមន្ត្រីស្រុកបារ៉ែន មកជួយប្រជាជនស្រុកឥណ្ឌា។ ប្រជាជនឥណ្ឌាទូទាំងប្រទេសមានអារម្មណ៍ខ្មាស់គេពេញពិភពលោក នៅពេលទទួលដំណឹងថា ព្រះអង្គម្ចាស់ប្រទេសដទៃចេញមុខមកជួយបុរសឥណ្ឌារូបនេះ ខណៈដែលប្រទេសសាមីខ្លួនធ្វើជាមិនដឹងមិនឮ ឬ អើពើជួយលោក Majhi បន្តិចឡើយ៕