ញាក់សាច់!!!ស្ដេចគ្រឿងញៀនម៉ិកស៊ីកូ El Chapo ធ្លាប់ជួលវិស្វករ ៥០លានដុល្លារ ជីករូងក្រោមដីគេចខ្លួន
បុរសជនជាតិម៉ិកស៊ីកូ ដែលមានឈ្មោះ El Chapo ត្រូវបានគេប្រសិទ្ធិនាមថាជាស្ដេចគ្រឿងញៀន ដោយសារជំនាញគេចខ្លួនដ៏អស្ចារ្យ និងការរកទ្រព្យបានរាប់ពាន់លានដុល្លារពីជំនួញខុសច្បាប់មួយនេះ។ រឿងរ៉ាវដ៏ល្បីបំផុតនោះ គឺ El Chapo បានប្រើល្បិចដ៏អស្ចារ្យ និងជួលក្រុមវិស្វករ ឱ្យជីករូងក្រោមដីទៅដល់បន្ទប់ពន្ធនាគារ ដើម្បីជួយរំដោះរូបលោកមកវិញ ដោយចំណាយប្រាក់ ៥០លានដុល្លារ។
ក្រុមប៉ូលិសម៉ិកស៊ីកូបានឃុំឃាំងបុគ្គលដ៏មានគ្រោះថ្នាក់ម្នាក់នេះ ក្នុងពន្ធនាគារដ៏រឹងមាំមួយ ក្រោមការយាមកាមយ៉ាងតឹងតែង។ អ្វីដែលនឹកស្មានមិនដល់ គឺមេដឹកនាំក្រុមអ្នកលេង Sinaloa Cartel រូបនេះ រត់គេចខ្លួនចេញពីពន្ធនាគារដោយសុវត្ថិភាពនៅវេលាម៉ោងជិត ៩យប់កាលពីខែកក្កដាឆ្នាំ២០១៥។ ការរត់គេចខ្លួន ធ្វើឡើងតាមរយៈរូងក្រោមដី ដែលជីកឡើងដោយក្រុមវិស្វកររ៉ែជាច្រើននាក់។ មេដឹកនាំក្រុមសង្គមងងឹត និងជាស្ដេចជួញដូរគ្រឿងញៀនដ៏កក្រើករូបនេះ ត្រូវចាប់ខ្លួនលើកចុងក្រោយកាលពីដើមឆ្នាំ២០១៦ និងកំពុងជាប់ឃុំខ្លួនក្នុងសហរដ្ឋអាមេរិក។
ក្រឡេកទៅឆ្នាំ២០១៥ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងរូងគេចខ្លួនរបស់មេជួញដូរគ្រឿងញៀនរូបនេះ ដែលមានចម្ងាយប្រមាណ ១,៤៥គីឡូម៉ែត្រ និងជីកលុងទៅក្រោមដីជម្រៅជិត ១០ម៉ែត្រ។ ចំណែកទំហំរូងមានរង្វាស់ទទឹងជាង ៦តឹក និងកម្ពស់ប្រមាណ ១,៧០ម៉ែត្រ។ ដើម្បីជីកដល់ពន្ធនាគារ ក្រុមវិស្វករត្រូវយកដីចេញ ៣២៥០តោន ស្មើនឹង ៣៧៩ឡានដឹកដីធំៗ។
បើតាមប្រភពពីអ្នកជិតខាងការដ្ឋានបានឲ្យដឹងថា មនុស្សមួយក្រុមមានគ្នាមិនលើសពី ៤នាក់ ដែលបានបង្កើតរូងគេចខ្លួនដ៏អស្ចារ្យនេះឡើង។ ពួកគេបានធ្វើការជាមធ្យម ១០ម៉ោងក្នុងមួយថ្ងៃ អស់រយៈពេលប្រហែល ១ឆ្នាំ។ នៅក្នុងរូងនោះ មានបំពាក់ទៅដោយអំពូលភ្លើង អុកស៊ីហ្សែនសម្រាប់សង្គ្រោះបន្ទាន់ និងរន្ធឲ្យខ្យល់ចេញចូល។បើតាមសារព័ត៌មាន Daily Mail បានបង្ហាញថា រូងក្រោមដីនេះអាចត្រូវចំណាយប្រាក់រហូតដល់ ៥០លានដុល្លារដើម្បីសាងសង់ឡើង។
បន្ទាប់ពីស្ដេចគ្រឿងញៀនរូបនេះរត់គេចខ្លួនបាត់ រដ្ឋាភិបាលម៉ិកស៊ីកូបានប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់ ៣,៨លានដុល្លារ ដល់ជនណាដែលផ្ដល់ដំណឹង ហើយចុងក្រោយសមត្ថកិច្ចជាអ្នកស្រាវជ្រាវចាប់ខ្លួនបានជាថ្មីនៅខែមករា ឆ្នាំ២០១៦។ កាលពីឆ្នាំ២០០១ ឧក្រិដ្ឋជនរូបនេះ ក៏ធ្លាប់រត់ចេញពីពន្ធនាគារម្ដងរួចមកហើយ បើទោះបីមានការយាមកាមយ៉ាងតឹងតែងបែបណាក្ដី។
វិធីគេចខ្លួនទាំងពីរលើក សុទ្ធតែប្រកបដោយល្បិចអស្ចារ្យស្រដៀងទៅនឹងខ្សែភាពយន្ត ដែលមនុស្សជាច្រើនពោលសរសើរមិនដាច់ពីមាត់។El Chapo ត្រូវបានចាប់ខ្លួនលើកទីមួយនៅប្រទេសហ្គាតេម៉ាឡា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៣។ បន្ទាប់ពីបញ្ជូនដល់ប្រទេសម៉ិកស៊ីកូ ស្ដេចគ្រឿងញៀនរូបនេះត្រូវកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំ ៩ខែ ពីបទល្មើសគ្រឿងញៀន ព្រមទាំងបទឧក្រិដ្ឋជាច្រើនទៀត។
ជាង ៧ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០១ អនុរក្សពន្ធនាគារ បានសហការជាមួយបុគ្គលិកបើកដៃឲ្យ El Chapo រត់គេចខ្លួនដោយសុវត្ថិភាព។តាមមន្ត្រីម៉ិកស៊ីកូ បានឲ្យដឹងថាមនុស្ស ៧៨នាក់ដែលមានឋានៈតាំងពីបុគ្គលិកជាន់ទាបរហូតដល់មន្ត្រីថ្នាក់ខ្ពស់ ជាប់ពាក់ព័ន្ធគម្រោងការណ៍គេចខ្លួនរបស់ El Chapo នាពេលនោះ ហើយបច្ចុប្បន្នមនុស្សមួយចំនួនកំពុងជាប់ពន្ធនាគារ។
ការគេចខ្លួនលើកទីមួយ បានចំណាយទ្រព្យសម្បត្តិរបស់មហាសេដ្ឋីគ្រឿងញៀនអស់ប្រហែល ២,៥លានដុល្លារ។វិធីសាស្ត្ររត់គេចខ្លួនរបស់ឧក្រិដ្ឋជនជនជួញដូរគ្រឿងញៀនដ៏កក្រើករបស់ប្រទេសម៉ិកស៊ីកូ បានធ្វើឲ្យមនុស្សជាច្រើនកោតស្ញប់ស្ញែង និងចាត់ទុកថាជាឈុតមួយក្នុងខ្សែភាពយន្តហូលីវូដ។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺប៉ូលិសបានរកឃើញបក្សីមួយក្បាល ដែលអាចជាមធ្យោបាយធ្វើតេស្តផ្លូវរូងក្រោមដី មុនពេលស្ដេចគ្រឿងញៀនរត់គេចខ្លួន។
បើតាមការចុះផ្សាយលើសារព័ត៌មាន Business Insider បានឲ្យដឹងថា ការរត់គេចខ្លួនរបស់ឧក្រិដ្ឋជន El Chapo មានអាថ៌កំបាំងកាន់តែជ្រៅ បន្ទាប់អាជ្ញាធរម៉ិកស៊ីកូប្រទះឃើញខ្មោចបក្សីតូចមួយក្បាល នៅក្នុងធុងសំរាមនៃគុកឃុំឃាំងមេជួញដូរគ្រឿងញៀនរូបនេះ។ គេជឿជាក់ថាបក្សីតូចនោះ ជាមធ្យោបាយធ្វើតេស្តខ្យល់រូងក្រោមដីរបស់មេដឹកនាំក្រុមអ្នកលេង Sinaloa Cartel ដើម្បីសុវត្ថិភាពមុនពេលរត់គេចខ្លួន។
អាជ្ញាធរម៉ិកស៊ីកូបានបញ្ជាក់ទៀតថា ដោយសារផ្លូវខួងចុះទៅក្រោមដីជិត ១០ម៉ែត្រ គួបផ្សំជាមួយចម្ងាយជាង ១គីឡូម៉ែត្រ ទើបក្រុមវិស្វករមានបំណងឲ្យមហាសេដ្ឋីគ្រឿងញៀន ធ្វើតេស្តសាកល្បងបរិមាណខ្យល់ ដើម្បីបញ្ជាក់ថារូបគេអាចរួចខ្លួនដោយសុវត្ថិភាព។
មុនពេលកើតហេតុនៅវេលាយប់នោះ អ្នកជាប់ឃុំឃាំងមួយចំនួនបាននិយាយថា ឮសំឡេងរំខានខុសប្លែកពីធម្មតា ដែលនាំឲ្យគេសង្ស័យថាមានការជាប់ពាក់ព័ន្ធជាមួយមន្ត្រីខាងក្នុង។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិកស៊ីកូ Migual Angel Osorio Chong បានអះអាងការ គម្រោងគេចខ្លួនរបស់ El Chapo អាចមានការបើកដៃពីមន្ត្រីពន្ធនាគារ។រូងគេចខ្លួនរបស់មេក្រុមសង្គមងងឹតរូបនេះ មានចម្ងាយប្រមាណ ១,៤៥គីឡូម៉ែត្រ និងជីកលុងទៅក្រោមដីជម្រៅជិត ១០ម៉ែត្រ។
អតីតអ្នកទោសម្នាក់ដែលធ្លាប់ចំណាយពេលច្រើនឆ្នាំនៅក្នុងពន្ធនាគារជាមួយមេខ្លោងជួញដូរគ្រឿងញៀន El Chapo បានលាតត្រដាងថា ឆ្មាំគុកគោរពឧក្រិដ្ឋជនរូបនេះបំផុត និងចាត់ទុកដូចជាស្ដេច។វេជ្ជបណ្ឌិត Bertoldo Martinez Cruz ជាមេដឹកនាំចលនានយោបាយមួយឈ្មោះ Guerrero Popular Movement ដែលត្រូវប៉ូលិសម៉ិកស៊ីកូចាប់ខ្លួនក្នុងឆ្នាំ១៩៩៩។ អតីតអ្នកទោសរូបនេះ ត្រូវបញ្ជូនទៅពន្ធនាគារក្រោមការយាមកាមតឹងរឹងបំផុត ដែលជាកន្លែងឃុំខ្លួនឧក្រិដ្ឋជន El Chapo។
ដោយសារលោកជាអ្នកទោសនយោបាយ ឆ្មាំគុកមិនបានយកចិត្តទុកដាក់ចំពោះលោកឡើយ ប៉ុន្តែ El Chapo បានប្រើអំណាចដើម្បីជួយលោក។ ក្នុងបទសម្ភាសន៍ជាមួយវិបសាយ Blog Del Narco របស់ប្រទេសអេស្ប៉ាញ លោក Cruz បានបញ្ជាក់ថា El Chapo មានសិទ្ធិអំណាចខ្លាំងបំផុតនៅក្នុងគុក ហើយជាមនុស្សតែម្នាក់គត់ដែលមានទូរសព្ទដៃប្រើ។ ដោយសារតែល្បិច ដ៏ពិបាកការពារបែបនេះ ទើបមិកស៊ីកូ សម្រេចធ្វើបត្យាប័នផ្ដល់អ្នកទោសរូបនេះ ទៅឱ្យសហរដ្ឋអាមេរិក ក្រោយពេលចាប់ខ្លួនបានលើកទី២៕