ដំណឹងល្អ! ក្រុមអភិរក្ស និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង
កាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកមួយឈ្មោះ “WCS Cambodia” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។
សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCNជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់វានៅទូទាំងពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ប្រភេទក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងទំនងជាអាចមាននៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ារ និងឥណ្ឌូណេស៊ីដែរ។ តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ក្បាល ដែលបង្ហាញថាកម្ពុជាគឺជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទសត្វក្រពើត្រីនេះ។”៕
ប្រភព៖ share4lives