លោកតាពិការត្រូវអ្នកភូមិចំអកថាឆ្កួតលីលា ពេលប្រើពូថៅចបជីកកូនភ្នំធ្វើផ្លូវ៣ឆ្នាំ តែលទ្ធផល..
បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Melethuveettil Sasi អាយុ ៦៣ ឆ្នាំ រស់នៅរដ្ឋ Kerala ត្រូវបានគេចាត់ទុកជាមនុស្សអំណត់អត់ធន់ និងតាំងចិត្តខ្ពស់បំផុតមួយដែលគេកម្របានជួបប្រទះ បន្ទាប់ពីលោកតាបានជីកកាប់គាស់ទួលធំមួយធ្វើជាផ្លូវដើរសម្រាប់អ្នកភូមិដោយចំណាយពេលអស់ជាច្រើនឆ្នាំ។
អ្វីដែលធ្វើឲ្យគេស្ងើចសរសើរ គឺលោកតា Sasi បានពិការជើងម្ខាងមិនអាចដើរដូចមនុស្សទូទៅបានទេ ប៉ុន្តែលោកតាបានចោះរូងកូនភ្នំដោយប្រើតែឧបករណ៍បុរាណប៉ុណ្ណោះ។ និយាយពីជីវិតកាលកុមារភាព នៅអាយុ ១៥ឆ្នាំ លោកតាចាប់ផ្ដើមស៊ីឈ្នួលឡើងដើមដូង កាប់ផ្លែ ឬធាង ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ មូលហេតុធ្វើឲ្យពិការនេះមិនមែនមកពីកំណើតទេ គឺនៅអាយុ ៤៥ឆ្នាំ លោកតាបានជួបឧបទ្ទវហេតុធ្លាក់ពីលើដើមដូង បណ្ដាលឲ្យរបួសចេញឈាម និងមួយចំហៀងខ្លួនខាងស្ដាំត្រូវពិការខូចសរសៃ។
បន្ទាប់ពីជួបគ្រោះថ្នាក់អកុសលនេះ កូនប្រុសរបស់លោកតាត្រូវបង្ខំចិត្តឈប់រៀន និងចាប់ផ្ដើមរកការងារធ្វើ។ គាត់បានចំណាយរយៈពេលពី ៦ ទៅ ៧ខែ ទើបដៃជើងរបស់លោកតាចាប់ផ្ដើមអាចកម្រើកបានតិចតួច ប៉ុន្តែដោយសារការធ្វើសរសៃ និងព្យាបាលផ្សេងទៀត ទើបអាចឲ្យគាត់ក្រោកដើរបានវិញ។ ទោះបីជាលោកតា Sasi មិនអាចធ្វើអ្វីដូចពីមុនយ៉ាងណាក៏ដោយ ក៏លោកតាមិនដែលគិតចង់បោះបង់ការងារសម្រាប់គ្រួសារឡើយ។
លោកតាប្ដេជ្ញាចិត្តចេញរកការងារធ្វើ ដើម្បីចិញ្ចឹមគ្រួសារជាថ្មី។ ដំបូងលោកតាគិតថា ចង់លក់សំបុត្រឆ្នោត ប៉ុន្តែត្រូវទិញម៉ូតូកង់បី ហើយពុំមានប្រាក់។ លោកតាស្វែងរកការជួយទំនុកបម្រុងផ្នែកហិរញ្ញវត្ថុពីអាជ្ញាធរក្នុងតំបន់ ប៉ុន្តែពុំទទួលបានចម្លើយតបសូម្បីបន្តិច។ រយៈពេលជិត ១០ឆ្នាំ លោកតាបានស្នើសុំអាជ្ញាធរឲ្យជួយធ្វើផ្លូវទៅកាន់ផ្ទះខ្លួន ក៏ដូចជាសម្រាប់ផលប្រយោជន៍អ្នកភូមិដែរ ព្រោះផ្លូវនេះបាំងដោយទួលធំមួយ ប៉ុន្តែគ្មាននរណាម្នាក់អើពើឡើយ។
មូលហេតុនេះហើយ ទើបធ្វើឲ្យលោកតា ប្ដេជ្ញាចិត្តទាញត្រសេះ ចប ពូថៅ និងបង្គី ចាប់ផ្ដើមកាប់ គាស់ លុងកូនភ្នំដែលស្ថិតនៅក្បែរផ្ទះលោកតា។ លោកតាចំណាយពេលប្រមាណ ៦ម៉ោង ក្នុងមួយថ្ងៃក្នុងកិច្ចការនេះ។ “ខ្ញុំមិនដែលគិតថា នៅពេលណាខ្ញុំធ្វើរួចទេ។ ខ្ញុំបានកំណត់ពេលក្រោកធ្វើនៅម៉ោង ៥ព្រឹក និងឈប់នៅម៉ោង ៨៖៣០ព្រឹក ហើយបន្តនៅម៉ោង ៣៖៣០ល្ងាច ឬ ៤ល្ងាច រហូតដល់ថ្ងៃលិច”។ លោកតារៀបរាប់។
អំឡុងពេលជីកនេះ លោកតាតែងតែទទួលពាក្យសើចចំអក ព្រងើយកន្តើយពីអាជ្ញាធរ និងរហូតគេហៅជាមនុស្សឆ្កួតថែមទៀត ប៉ុន្តែចុងក្រោយលោកតា និងគ្រួសារធ្វើបានសម្រេចដោយប្រើរយៈពេលជាង ៣ឆ្នាំ។ ក្រោយពីរឿងរ៉ាវនេះត្រូវបានគេចែកចាយលើអ៊ីនធឺណិត អាជ្ញាធរសម្រេចចិត្តជូនកាដូជាម៉ូតូកង់បីឲ្យមួយគ្រឿងទៅលោកតា។ ពេលនេះផ្លូវលុងរបស់លោកតាត្រូវបានអ្នកភូមិក្មេងចាស់ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ និងមិនភ្លេចគុណលោកតាឡើយ៕
ឮ
ប្រភព៖morningfresh