Update!!!ឃើញ​តែ​កាបូប​របស់​ស្ត្រី​អង់គ្លេស​លើ​ផ្ទាំង​ថ្ម អាជ្ញាធរ​បន្ត​ស្វែងរក ៤​ថ្ងៃ​ហើយ​គ្មាន​ដំណឹង

ខេត្ត​ព្រះ​សីហ​នុ​,​ក្រុង​កោះ​រ៉ុ​ង ៖ ករណី​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ​ដែល​បាត់​ខ្លួន​ដោយ​មិនដឹង​ពី​មូលហេតុ ​លើ​ក្រុង​កោះ​រ៉ុ​ងរយៈពេល​៤​ថ្ងៃ​មក​ហើយ​នោះ គិត​មក​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី២៨ តុលា ២០១៩នេះ ការ​ស្វែងរក​រូប​នាង នៅមិន​ទាន់​ប្រទះ​ឃើញ​នៅឡើយ​ទេ ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​គ្រប់​ផ្នែក រួម​ជាមួយ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ផង កំពុង​ធ្វើ​ប្រតិបត្តិការ​ស្វែងរក​បន្ត ដោយ​ថ្មើរជើង នៅ​លើ​ដីគោក ក្នុង​តំបន់​ព្រៃ​ភ្នំ​ផង ក្នុង​នោះ​មានការ​ប្រើប្រាស់​កាមេរ៉ា​ថត​ពីលើ​អាកាស ហើយ​នៅ​ក្នុង​ទឹក​ក្បែរ​ឆ្នេរសមុទ្រ ក៍​មាន​ក្រុម​អ្នក​មុជទឹក​ស្វែងរក​ផង​ដែរ ។​

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង បាន​ប្រាប់​អោយ​ដឹង​ថា អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង បាន​ព្យាយាម​ស្វែងរក​នារី​រង​គ្រោះ​ភ្លាម​ៗ ក្រោយ​ទទួល​ដំណឹង​ពី​ការ​បាត់​ខ្លួន​នេះ នៅ​តែ​រក​រូប​នាង​មិនឃើញ ប៉ុន្តែ​គេ​បានឃើញ​កាបូប​របស់​នាង នៅ​លើ​ផ្ទាំង​ថ្មជាប់​ឆ្នេរ ​ក្បែរ​កន្លែង​ធ្វើ​ពិធីជប់លៀងមួយដែល​នាង​ទៅ​លេង​កម្សាន្ត​នៅ​កោះ​រ៉ុ​ង ។​

​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ជា​ការ​វង្វេង​បាត់​ក្នុង​ព្រៃ​លើ​កោះ ឬ​ដោយហេតុ​ការណ៍​អ្វីមួយ​នៅឡើយ​​ទេ ដោយ​ហេតុ​ថា កន្លង​មក​ក៍​ធ្លាប់​មាន​ភ្ញៀវ​បរទេស​ខ្លះ ក្រោយ​ពី​ទុក​ឥ​វ៉ា​ន់​នៅ​កន្លែង​ស្នាក់​នៅ​ហើយ ពួក​គេ​ដើរ​លេង​តាម​ព្រៃ​៤,៥​ថ្ងៃក្រោយ​ទើប​ត្រឡប់​មក​វិញ​ក៏​មាន ។


​យ៉ាងណា​បញ្ហា​ចំពោះ​មុខ​នេះ អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​កម្លាំង​គ្រប់​ផ្នែក​តាម​រក​នៅ​តាម​ទីតាំង​ផ្សេង​ៗ តាម​ដងព្រៃ​ភ្នំ ដងព្រែក តាម​ឆ្នេរ​ខ្សាច់​ឆ្នេរ​ថ្ម នៅ​តាម​កន្លែង​ស្នាក់​នៅ​នានា លើ​កោះរុង និង​កន្លែង​ដែល​នារី​នោះ​បាន​ទៅ​លេង រួម​ទាំង​ក្រុម​មុជទឹក​ផង ធ្វើ​យ៉ាងណា​រក​ឲ្យ​អស់​លទ្ធភាព ។​

សូមជម្រាប​​ថា នារី​ដែល​បាត់​ខ្លួន​មានឈ្មោះ AMELIA LOISE អាយុ​២១​ឆ្នាំ ជនជាតិ​អង់គ្លេស មាន​កាន់ passport ត្រឹមត្រូវ​តាម​ច្បាប់ បាន​ចេញពី​ក្រុងព្រះសីហនុ ឆ្ពោះទៅ​កាន់​ក្រុង​កោះ​រ៉ុ​ង នា​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ ហើយ​ពេល​មក​គោលដៅ​លើ​កោះ​រ៉ុ​ង​នៅ​ម៉ោង​៦​ល្ងាច ។​នាង​បាន​ចូល​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ឈ្មោះ Ness Beach នៅ​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ដដែល ក្នុង​គោលបំណង​ទេសចរណ៍ ។ មុន​បាត់​ខ្លូ​ន គេ​បាន​ប្រទះ​ឃើញ​នារី​នោះ​លើក​ចុង​ក្រោយ នៅ​ម៉ោង​៣​និង​៣០​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពិធីជប់លៀង មួយ​នៅ​ឆ្នេរ​កោះ​រ៉ុ​ង (police beach) ក្រោយមក​ក៏​បាត់​ដំណឹង មិនដឹង​ពី​មូលហេតុ តែ​ម្តង ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *