សូមអបអរសាទរ!!!!រយ:ពេលត្រឹម៩ខែ កម្ពុជានាំចេញអង្ករ ជិត៤សែនតោន ក្នុងនោះនាំចេញទៅចិនជាប់លំដាប់ទី១

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់ ក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ត្រឹមរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៩៨ ៥៨៦តោន មានការកើនឡើងចំនួន ៩៣២២តោន បើប្រៀបធៀបទៅនឹងការនាំចេញ ៩ខែ ឆ្នាំ២០១៨ ខណៈ ចិនជាប់លំដាប់ទី១ ក្នុងការនាំអង្ករទៅច្រើនជាងគេ។

របាយការណ៍បន្តថា ការនាំចេញទៅកាន់ទិសដៅចំនួន ៥៣ប្រទេស ក្នុងនោះរួមមាន: ប្រទេសចិនលំដាប់ទី១ ,បារាំងលំដាប់ទី២ ,ហ្គាបុងលំដាប់ទី៣ ,ម៉ាឡេស៊ីលំដាប់ទី៤ ,ប្រ៊ុយណេលំដាប់ទី៥ ,ដឺឡែនលំដាប់ទី៦ ,អូស្ដ្រាលីលំដាប់ទី៧ ,អេស្ប៉ាញលំដាប់ទី៨ ,អង់គ្លេសលំដាប់ទី៩ និងវៀតណាមលំដាប់ទី១០ ហើយបច្ចុប្បន្នក្រុមហ៊ុន ដែលនាំចេញអង្ករមានចំនួន ៧៩ក្រុមហ៊ុន។

របាយការណ៍ដដែល ក៏បានបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបានចំនួន ២៦២៦៤៦០ ហិចតា ស្មើនឹង១០១,៥៦ភាគរយ នៃផែនការ ២៥៨៦១៥២ហិចតា។

បើតាមរបាយការណ៍ដដែលបានឲ្យដឹងបន្ថែមថា គិតត្រូវថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ តាមការវាយតម្លៃ ដំណាំស្រូវខូចខាតសរុបចំនួន ៥៦៥៣៦ហិចតា ស្មើនឹង១៥,២០ភាគរយ នៃផ្ទៃដីផលប៉ះពាល់ចំនួន ៣៧១៩៥៧ហិចតា ឬស្មើនឹង២,១៥ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ផ្ទៃដីដំណាំស្រូវ ដែលបានស្ដារឡើងវិញសរុបចំនួន ១៧១៨៩ហិចតា ស្មើនឹង២៤,២៦ភាគរយ នៃផ្ទៃដីខូចខាត៕

Leave a Reply

Your email address will not be published. Required fields are marked *