អ្នកភូមិហួសចិត្ត! បុរសម្នាក់បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦គិតថាមិនកើត តែគាត់មកស្រវាចិញ្ចឹមគោ រហូតក្លាយជា…
កសិករជនជាតិម៉ាឡេស៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាភ្លឺភ្នែកថា ការទទួលបានជោគជ័យដ៏អស្ចារ្យមិនចាំបាច់ទាល់តែមានសញ្ញាប័ត្រថ្នាក់ខ្ពស់នោះទេ។
លោក Saipol Azmir Zainuddin បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី ៦ ដោយសារតែមានគោលបំណងច្បាស់លាស់មួយ គឺចង់ក្លាយជាកសិករម្នាក់។ ក្រោយពីឈប់រៀន លោកបានសម្រេចចិត្តទៅធ្វើជាកម្មករសំណង់ ដោយទទួលប្រាក់ខែជិត ២០០ ដុល្លារ។ ជាមួយគ្នាផងដែរ លោកមិនបានចំណាយប្រាក់ខែដំបូងរបស់ខ្លួនទៅសម្ភារនិយមនោះទេ តែលោកបែរជាយកវាមកទិញគោមួយក្បាលក្នុងតម្លៃ ១១៥ ដុល្លារ ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។
លោក Saipol បានទិញគោមួយក្បាលមកចិញ្ចឹមជារៀងរាល់ខែ រហូតដល់លោកមានអាយុ ១៨ ឆ្នាំ។ បុរសរូបនេះនិយាយថា “នៅពេលខ្ញុំអាយុ ១៨ ឆ្នាំ ខ្ញុំមានគោ ៣០០ ក្បាល។ ក្នុងអំឡុងពេលនោះ ឪពុកខ្ញុំ និងខ្ញុំ បានចិញ្ចឹម និងលក់គោដល់អ្នកភូមិ។ ខ្ញុំបានសន្សំប្រាក់ចំណេញទាំងអស់ ដើម្បីអាចសម្រេចសុបិនរបស់ខ្ញុំធ្វើជាម្ចាស់កសិដ្ឋាន។”
នៅអាយុ ១៩ ឆ្នាំ លោក Saipol បានចាប់ផ្ដើមលក់គោពេញម៉ោង និងមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ រហូតទិញរថយន្ត និងផ្ទះមួយខ្នង។ លោកបានពង្រីកមុខជំនួញដោយដាក់ពាក្យសុំប្រាក់កម្ចីចំនួនជាង ២ម៉ឺនដុល្លារ តាមរយៈអាជ្ញាធរអង្គការកសិករម៉ាឡេស៊ី (LPP) ។ ប៉ុន្មានឆ្នាំក្រោយមក លោកក៏បានទិញដីទំហំ ០,៨ ហិកតា សម្រាប់ការចិញ្ចឹមគោ។
ឥឡូវនេះកសិករវ័យ ៣៣ ឆ្នាំខាងលើ មានសត្វគោ ៨០០ ក្បាល, ពពែ ១៥០ ក្បាល និងក្របី ៣០ ក្បាល។ យោងតាមប្រភពព័ត៌មាន ឱ្យដឹងថា លោករកប្រាក់ចំណូលបានប្រមាណ ជាង ២៥ ម៉ឺនដុល្លារ ពីការលក់សត្វពាហនៈកាលពីឆ្នាំមុន។ បន្ថែមពីនេះទៀត លោកក៏មានបំណងក្នុងការបង្ហាត់ក្មេងៗជំនាន់ក្រោយ ដែលមានចំណាប់អារម្មណ៍លើមុខរបរនេះផងដែរ៕