ធ្លាប់​ជា​អ្នក​ប្រដាល់​ដេក​តាម​ចិញ្ចើម​ផ្លូវ ក្លាយជាស្តេចប្រដាល់រកចំណូលបាន ៥១០លានដុល្លារ

លោកអ្នកប្រាកដជាស្គាល់ស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (ម៉ានី ប៉ាគីអាវ) ជាក់ជាមិនខានឡើយ តាមរយៈការប្រដាល់កន្លងមករបស់លោក។ តើអ្នកទាំងអស់គ្នាស្គាល់ប្រវត្តិរបស់លោកប៉ុណ្ណាដែរ? តើលោកស្ថិតនៅក្នុងត្រកូលយ៉ាងណា? ក្រោយពីល្បីល្បាញរួច​ តើលោកអាចរកចំណូលបានប៉ុន្មានក្នុងអាជីពប្រដាល់មួយនេះ? ដើម្បីបង្ហាញនូវចម្ងល់ទាំងនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖

ស្តេចប្រដាល់ហ្វីលីពីន គឺលោក ប៉ាគីអាវ

លោក ប៉ាគីអាវ (ជនជាតិហ្វីលីពីន) កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៧៨ ដែលស្ថិតនៅទីក្រុង Kibawe ក្នុងខេត្ត Bukidnon នៃប្រទេសហ្វីលីពីន។ លោកបានរៀបការជាមួយលោកស្រី Jinkee Jamora (នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០០០) ដែលធ្លាប់ធ្វើជាអ្នកប្រឹក្សាយោបល់សម្រស់នៅក្នុងហាងមួយ ហើយមកទល់ពេលនេះលោកស្រីមានកូនចំនួន ៥នាក់។

គ្រួសាររបស់លោក ប៉ាគីអាវ

លោក ប៉ាគីអាវ ជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើត ៦នាក់ ហើយស្ថិតនៅគ្រួសារដែលក្រីក្រ ជាពិសេសឪពុកម្តាយរបស់លោកបានចែកផ្លូវគ្នាទៀត។ លោកសម្រេចចិត្តឈប់រៀន នៅពេលលោកកំពុងរៀននៅវិទ្យាល័យ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារបន្ថែម ដូចនេះ លោកសម្រេចចិត្តចាកចេញពីផ្ទះដោយជិះទូកទៅទីក្រុងម៉ានីលនៅអាយុ​ ១៤ឆ្នាំ។ ពេលធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល ​ហើយ​មាន​ពេល​មួយ​នោះ លោកបាន​ដេក​តាម​ចិញ្ចើម​ថ្នល់​ទៀត​ផង ដោយលក់នំដូណាត់ដើម្បីចិញ្ចឹមជីវិតបន្ថែម។ នៅឆ្នាំ១៩៩៥​ លោកក៏បាន​ចូល​ហាត់​ប្រដាល់​ និង​ចូល​រួម​ជា​​មួយ​ក្រុម​កីឡាករ​ប្រដាល់​ស្ម័គ្រ​ចិត្ត​ហ្វីលីពីន​ជាច្រើនទៀត ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។

លោក ប៉ាគីអាវ (កាលអាយុ​ ១៦ឆ្នាំ)

លោក ប៉ាគីអាវ បានហាត់ប្រដាល់ (កាលអាយុ​ ១៦ឆ្នាំ)

លោកចាប់ផ្តើមអាជីពប្រដាល់ នៅអាយុ​ ១៦ឆ្នាំ នៅពេលនោះមានទម្ងន់ ៩៨ផោន ខណៈគេតម្រូវឱ្យមានទម្ងន់ ១០៥ផោន ទើបអាចប្រដាល់បាន ពេលនោះលោកបានដាក់ទម្ងន់នៅក្នុងហោប៉ាវរបស់លោក ដើម្បីអាចប្រគួតបាន។ លោកចាប់ផ្តើមប្រគួតជាលើកដំបូងនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៩៥ ដោយបានឈ្នះកីឡាករហ្វីលីពីន Edmund Enting Ignacio នៅទឹកទី ៤។ បន្ទាប់មកទៀត លោកបានប្រគួតឈ្នះគេរហូតដល់ ១១ លើក ក្រោយមកលោកមានទម្ងន់រហូតដល់ ១១៣ផោន ពេលនោះលោកបានប្រគួតចាញ់កីឡាករ Rustico Torrecampo ដោយសន្លប់នៅទឹកទី៣។ មកទល់ពេលនេះ លោកបានប្រគួតចំនួន ៦៨លើក ដោយប្រគួតឈ្នះចំនួន ៥៩លើក (វាយគូប្រគួតឱ្យសន្លប់ចំនួន ៣៨លើក) និងស្មើចំនួន ២ ដោយឈ្នះបានខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់លំដាប់ពិភពលោកជាច្រើនដូចជា Flyweight, Super bantamweight, ​Featherweight, ​Super featherweight, Lightweight, Light welterweight, Welterweight និង Light middleweight។

លោក ប៉ាគីអាវ បានប្រគួតជាមួយ លោក Floyd Mayweather កាលពីឆ្នាំ២០១៥

ក្រៅពីអាជីបប្រដាល់ លោកប៉ាគីអាវ ក៏បាន​ចូល​បម្រើ​ទ័ព​នៅ​ឆ្នាំ​២០០៦ ​ដែល​កាល​នោះ​បាន​ត្រឹម​ជា​ពល​បាល​ម្នាក់។ ​ក្នុង​អាជីព​ជា​នាយ​ទាហាន​នេះ បុរស​កម្ពស់​ ១.៦៨ ម៉ែត្រ​ ខាង​លើ​ធ្វើ​បាន​រយៈ​ពេល​ ៣​ឆ្នាំ​ផង​ដែរ ។ នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​របស់​គេ​ក៏​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​យោធា​ហ្វីលីពីន​ដែរ។ លោក ប៉ាគីអាវ បាន​ចូល​នយោបាយ​តាំង​ពី​ឆ្នាំ​២០០៧ ​ជាមួយ​គណបក្ស​សេរី​និយម​ ហើយ​បាន​ជាប់​ជា​តំណាង​រាស្ត្រ​ក្នុង​ស្រុក Cotabato ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន។ នៅ​ឆ្នាំ​២០១០ លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​សមាជិក​សភា​ផង​ដែរ​នៅ​ក្នុង​តំបន់ Sarangani ​ពោល​គឺ​កាល​នោះ គណបក្ស​របស់​លោក​បាន​យក​ឈ្នះ​ក្រុម​ត្រកូល Chiongbian ​ដែល​កាន់​អំណាច​នៅ​ទី​នោះ​អស់​ពេល​ជាង​៣០​ឆ្នាំ​ ដោយ​ទទួល​បាន​សំឡេង ១២០ ០៥២ ​ទល់​និង ៦០ ៨៩៩។

លោក ប៉ាគីអាវ ជា​សមាជិក​សភា​

លោក ប៉ាគីអាវ ជា​កងទ័ព

ជាពិសេសទៅទៀត លោក ប៉ាគីអាវ ក៏ជាតារាភាពយន្តមួយរូបផងដែរ ដែលលោកបានសម្តែងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងរោងភាពយន្តផងដែរហើយលោកចាប់ផ្តើមសំដែងភាពយន្តដំបូងគេនៅឆ្នាំ២០០៥ រហូតមកដល់សព្វថ្ងៃនេះ។

លោក ប៉ាគីអាវ សម្តែងក្នុងភាពយន្តរឿង Wapakman និងរឿង Manny (ឆ្វេងមកស្តាំ)

បើតាមការចេញផ្សាយរបស់គេហទំព័រដ៏ល្បីល្បាញរបស់ Forbes បង្ហាញថា លោក ប៉ាគីអាវ រកចំណូលបានសរុប ៥១០លានដុល្លារអាមេរិក ពីអាជីបប្រដាល់របស់លោក នេះបើតាមការចេញផ្សាយកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៧ ហើយសព្វថ្ងៃនេះ ប្រជាជនហ្វីលីពីន ចាត់ទុកលោកជាស្តេចប្រដាល់ផងដែរ។​ លោក ប៉ាគីអាវ គឺជាមនុស្សចិត្តធម៌ និងចូលចិត្តជួយអ្នកក្រីក្រផងដែរ ពីព្រោះលោកបានចំណាយចំនួន ១០០លានដុល្លារ ដើម្បីសាងសង់ផ្ទះចំនួន ១,០០០ ខ្នង ជូនគ្រួសារក្រីក្រ និងបរិច្ចាគ​ ៦០​លាន​ដុល្លារ​អាមេរិក ដល់​អង្គការ​មនុស្ស​ធម៌ជួយ​ប្រជាជន​រង​គ្រោះផងដែរ៕

លោក ប៉ាគីអាវ បានសាងសង់ផ្ទះចំនួន ១,០០០ ខ្នង ជូនប្រជាជនក្រីក្រនៅហ្វីលីពីន

 

 

 

 

 

 

 

 

ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *