ស្ដ្រីជនជាតិជប៉ុនម្នាក់ នាំយកវត្ថុបុរាណ៨៥មុខមកកម្ពុជាវិញ ដើម្បីសម្រេចបំណងចុងក្រោយរបស់ស្វាមី
ស្ត្រីជនជាតិជប៉ុនម្នាក់ បានប្រគល់វត្ថុបុរាណចំនួន ៨៥ប្រភេទ ដែលស្វាមីរបស់គាត់បានប្រមូលទិញ កាលពីជាង ២០ឆ្នាំមុន មកឲ្យប្រទេសកម្ពុជាវិញ នៅថ្ងៃទី៥ ខែកក្កដា ដោយធ្វើតាមបណ្ដាំរបស់ស្វាមីរបស់គាត់ ដែលទើបទទួលមរណភាព។
លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រគល់វត្ថុបុរាណនៅសារមន្ទីរជាតិថា ស្វាមីគាត់បានប្រមូលទិញវត្ថុបុរាណទាំងនោះ នៅពេលដែលមានគេដាក់លក់ក្នុងប្រទេសជប៉ុន ហើយនៅមុនពេលគាត់ស្លាប់ បានផ្ដាំឲ្យយកវត្ថុបុរាណទាំងនេះប្រគល់ទៅម្ចាស់ដើមវិញ។ អ្នកស្រីបន្តថា ស្វាមីរបស់គាត់ គឺជាអ្នកដែលស្រលាញ់ និងធ្លាប់សិក្សាស្រាវជ្រាវ អំពីសិល្បៈ វប្បធម៌របស់ប្រទេសកម្ពុជា។ ជនជាតិជប៉ុនរូបនេះ ក៏បានប្រគល់ទឹកប្រាក់ចំនួន ៥.០០០ដុល្លារ ដើម្បីធ្វើការអភិរក្សវត្ថុបុរាណទាំងនេះនៅក្នុងសារមន្ទីរជាតិផងដែរ។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប្រាក់ សុវណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជារីករាយ និងអរគុណដល់គ្រួសារជនជាតិជប៉ុននេះ ដែលបានស្ម័គ្រចិត្តដឹក និងប្រគល់វត្ថុបុរាណទាំងអស់នេះមកកម្ពុជាវិញ។ ទង្វើនេះ គឺជាការចូលរួម លើកកម្ពស់តម្លៃវប្បធម៌ខ្មែរ និងចូលរួមផ្សះផ្សាផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជា ដែលឆ្លងកាត់សង្គ្រាមស៊ីវិលកន្លងទៅ។
វត្ថុបុរាណខ្មែរដែលរសាត់អណ្ដែតដល់ប្រទេសជប៉ុននេះ មានដូចជា បដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលម្អ ត្រាមានលម្អរូបសត្វធ្វើពីសំរឹទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ជាដើម។ វត្ថុបុរាណទាំងនោះ បន្សល់ទុកពីសម័យកាល ផ្សេងៗ គ្នា ដូចជា ខ្លះមកពីសម័យមុនអង្គរ ខ្លះទៀតមកពីសម័យអង្គរ និងក្រោយសម័យអង្គរ។
យោងតាមអនុសញ្ញាស្ដីពីការហាមឃាត់ និងការពារមិនឲ្យមានការនាំចេញ និងការនាំចូលវត្ថុបុរាណរបស់អង្គការយូណេស្កូ (UNESCO) ឆ្នាំ១៩៧០ បង្ហាញថា រាល់វត្ថុបុរាណទាំងឡាយត្រូវប្រគល់ជូនប្រទេសម្ចាស់ដើមវិញ៕