ចែងចាំងណាស់! បុរសម្នាក់ សាងសង់ផ្ទះមាស នៅក្នុងក្រុងយ៉ាងឡូយ (មានវីដេអូ)
វៀតណាម៖ ផ្ទះពណ៌មាសមួយកន្លែង ត្រូវបានសាងសង់ឡើងក្នុងទីក្រុង Can Tho ដែលជាទីក្រុងដ៏ធំលំដាប់ទី៤ របស់ប្រទេសវៀតណាម ខណៈទិដ្ឋភាពនៃផ្ទះទាំងក្នុងទាំងក្រៅ សុទ្ធសឹងជាពណ៌មាស សូម្បីតែគ្រឿងសង្ហារឹម និងរបស់ប្រើប្រាស់ផ្សេងៗ។
ជាក់ស្ដែង លោក Nguyen Van Trung គឺជាអ្នកជំនាញម្នាក់របស់ប្រទេសវៀតណាម។ ក្រោយពីគាត់បានធ្វើដំណើរកម្សាន្តក្នុងប្រទេសជាច្រើនមក គាត់បានមានគំនិតចង់សាងសង់ផ្ទះ ដោយផ្ដោតសំខាន់បំផុត គឺពណ៌មាសតែម្ដង ដើម្បីឲ្យមើលទៅ ដូចផ្ទះធ្វើឡើងពីមាសសុទ្ធអីចឹង។ តាមពិតទៅ គាត់មានបំណងចង់សាងសង់ផ្ទះពណ៌មាសយូរណាស់មកហើយ ប៉ុន្ដែកាលពី៦ឆ្នាំមុនប៉ុណ្ណោះ ទើបគាត់គិតថា វាជាពេលដែលត្រូវសាងសង់ឡើង។
តួយ៉ាង ផ្ទះពណ៌មាសរបស់បុរសជំនាញរូបនេះ បានចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ។ ហើយបន្ទាប់ពីសាងសង់រួច ក៏ក្លាយទៅជាទីកន្លែង ដែលទាក់ទាញអ្នកទេសចរផងដែរ។
យ៉ាងណាមិញ ដោយសារតែទទួលបានការចាប់អារម្មណ៍ និងល្បីល្បាខ្លាំងពេក លោក Van Trung បានសម្រេចចិត្តដាក់ផ្ទះពណ៌មាសនេះ ទៅជាកន្លែងទេសចរណ៍ ដោយគិតប្រាក់ចំនួន៥០,០០០ដុង (ប្រមាណ២ដុល្លារអាមេរិក) សម្រាប់ការចូលទស្សនា និងបានបើកហាងកាហ្វេមួយកន្លែង នៅក្បែរផ្ទះផ្ទាល់ទៀតផង៕
ប្រភព: odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖