ស្ត្រី​ឃាតករ​ឃោរឃៅ​ កាប់​សម្លាប់​មិត្ត​ភក្តិ​ខ្លួន​ជាបំណែកៗពន្លះយកសាច់​ច្រកដាក់ស្បោងខ្មៅ រួចយកទៅបោះចោលនៅក្នុងទន្លេ​ ពេលនេះត្រូវ​បាន​តុលាការ​សម្រេច​

ដូច​ដែរប្រិយមិត្ត​បានដឹងរួចមក​ហេីយ ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​កក្រើក​មួយ​ ដែល​ស្រ្តី​ជាឃាតក​រ​ក្រោយ​ពី​បាន​សម្លាប់​មិត្ត​ភក្តិ​របស់​ខ្លួន​រួច​មក​ ក៏បានយកកាំបិត​ មកកាត់សាកសពរបស់ជនរងគ្រោះទៅជាបំណែកៗ(កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) បន្ទាប់មកក៏ច្រកដាក់ស្បោងខ្មៅ រួចយកទៅបោះចោលនៅតាមគំនរសំរាម​ និងនៅក្នុងទន្លេ។


យ៉ាង​ណាមិញ​ ជុំវិញ​ករណី​ខាងលើ​នេះ​ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩​ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបញ្ជូនខ្លួនស្ដ្រីជាឃាតកដ៏​ព្រៃផ្សៃ​រូប​នេះ ដែលបានសម្លាប់មិត្តភក្តិខ្លួនឯង​ ដោយកាត់ខ្ទេចខ្លួនប្រាណជាបំណែកៗពន្លះយកសាច់​ កាត់ក្បាល កាត់ដៃជើង ចោះចោលទៅក្នុងទន្លេ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។


រហូត​មកដល់​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩នេះ លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ស្ត្រី​ឃាតករូបនេះ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន។​ ក្នុង​នោះដែរ​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​ លោក អ៉ឹម វណ្ណ:​ បានសម្រេចឃុំខ្លួនស្ត្រីជាឃាតកឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ ដាក់គុកព្រៃសហើយ ជាបណ្តោះអាសន្ន ដើម្បីរងចាំការជំនុំជម្រះទោសតាមនីតិវិធី។


គួរ​រំលឹក​ផង​ដែរ​ថា​ ជនសង្ស័យ​ ដែល​ជាឃាតក​រ​ដ៏សាហាវ​ឃោរឃៅ​ខាងលើ​នេះ​ មានឈ្មោះ ស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ស្ថិត​ក្នុង​ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល ។


ចំណែក​ឯ​ស្រ្តី​រងគ្រោះ​ ​ដែលបានស្លាប់ខាងលេីនេះ​មាន​ឈ្មោះ​ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មានមុខរបរជាម្ចាស់ហាងអ៊ុតសក់​ ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតស្ថិតនៅ ភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។


ប្រភព៖ voamazing

Leave a Reply

Your email address will not be published. Required fields are marked *