ខឹងជួសជុលមិនដូចដើម យកឡានទំនើបតម្លៃជិតកន្លះលានដុល្លារ វាយកម្ទេចចោល
បុរសម្នាក់រស់នៅប្រទេសចិន បានជួលមនុស្ស ៣នាក់ឲ្យវាយកម្ទេចរថយន្តទំនើបរបស់ខ្លួនម៉ាក Maserati ដែលមានតម្លៃជិតកន្លះលានដុល្លារអាមេរិក ដោយសារតែគាត់ខឹងនឹងសេវាកម្មរបស់ក្រុមហ៊ុនចែកចាយ ធ្វើមិនត្រូវចិត្តគាត់។
ម្ចាស់រថយន្តគេស្គាល់ឈ្មោះថា វ៉ាង បានចេញប្រាក់ហោប៉ៅជួលបុរស ៣នាក់ឲ្យវាយកម្ទេចរថយន្តម៉ាក Maserati Quattroporte តម្លៃប្រមាណ ៤២៣ ០០០ដុល្លារអាមេរិកនៅកន្លែងពិធីតាំងពិព័រណ៍ Qingdao International Auto Show ក្នុងទីក្រុង Qingdao ខេត្តសានទុង ប្រទេសចិន។ លោក វ៉ាង បានអះអាងថា អ្នកលក់បានយកគ្រឿងបន្លាស់ខូច ចាស់ៗធ្លាប់ប្រើរួចមកជំនួសឲ្យរថយន្តទំនើបថ្មីសន្លាងរបស់គាត់ ហើយគិតថ្លៃកប់ពពកពេលគាត់យករថយន្តឲ្យក្រុមហ៊ុនជួសជុល។ លោកបានចោទប្រកាន់ទាំងក្រុមហ៊ុនចែកចាយ និងក្រុមធានារ៉ាប់រងពីបទកេងបន្លំ។
លោក វ៉ាង បានឲ្យគេប្រើញញួរដែកដងវែងវាយកម្ទេចកញ្ចក់ ទ្វារ និងតួខ្លួនរថយន្ត។ ឆ្លៀតក្នុងពិធីតាំងពិព័រណ៍ដែលមានមនុស្សជាច្រើនមកចូលរួមស្រាប់ លោក វ៉ាង បានប្រកាសថា ខ្លួននឹងកម្ទេចរថយន្តរបស់ខ្លួនចោលក្នុងពិធីនេះតែម្ដង។ លោក វ៉ាង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាន Qingdao Morning Post ថា “ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនផលិតរថយន្តទំនើបបរទេសនឹងទទួលស្គាល់ច្បាស់ថា អ្នកទិញជនជាតិចិនក៏មានសិទ្ធិទទួលបានសេវាកម្មគ្រឿងបន្លាស់ហ្ស៊ីនតាមម៉ាករថយន្តដែរ”។
Maserati ជាផលិតផលរថយន្តរបស់អ៊ីតាលីស្ថិតក្នុងចំណោមម៉ាករថយន្តទំនើបៗជាច្រើនដែលទទួលការពេញនិយមនៅចិន ចាប់តាំងពីប្រទេសនេះវាយលុកយកឈ្នះអាមេរិក ដណ្ដើមបានជាទីផ្សាររថយន្តពិភពលោកធំជាងគេបំផុតក្នុងឆ្នាំ ២០០៩។ ក្រុមហ៊ុនចែកចាយបន្តរបស់ Maserati ត្រូវគេរាយការណ៍ថា បានផ្ដល់ជូនសេវាកម្មផ្លាស់ប្ដូរគ្រឿងបន្លាស់មិនល្អទៅឲ្យលោក វ៉ាង។
“យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលអតិថិជនសម្រេចបញ្ចប់ការចរចាស្វែងរកដំណោះស្រាយ ហើយបែរទៅជាធ្វើរឿងបែបនេះ” អ្នកតំណាងក្រុមហ៊ុនរថយន្តបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍។ គួររម្លឹកផងដែរថា នេះមិនមែនលើកទីមួយទេដែលអតិថិជនមិនពេញចិត្តលើសេវាកម្ម និងឈានទៅដល់ការបំផ្លាញចោលរថយន្តសេរីទំនើបបែបដូច្នេះ។
ក្នុងឆ្នាំ ២០១១ អ្នកជំនួញម្នាក់រស់នៅទីក្រុង Qingdao ដូចគ្នាឈ្មោះ Han Nan បានជួលបុរសជាច្រើនឲ្យវាយកម្ទេចរថយន្តផ្ទាល់ខ្លួនម៉ាក Lamhorghini តម្លៃ ៧៥ម៉ឺនដុល្លារដោយសារតែគាត់ឆ្អែតចិត្តនឹងមេកានិចម្នាក់ដែលមិនអាចជួសជុលបញ្ហាម៉ាស៊ីនរថយន្តរបស់គាត់បាន ដូច្នេះគាត់បានសម្រេចចិត្តវាយកម្ទេចនៅមុខមហាជនដូចគ្នានាថ្ងៃទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកផងដែរ៕