នៅចុងឆ្នាំនេះ នឹងចាប់ផ្ដើមផាកពិន័យជាប្រាក់ ដល់ផលិតករ អាជីវករ និងអ្នកជក់បារី ដែលមិនគោរពច្បាប់

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា បានថ្លែងថា នៅចុងឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអុវត្ដន៍ច្បាប់ចុះផាកពិន័យជាប្រាក់ ទៅដល់ផលិតករ អាជីវករ និងអ្នកជក់បារី នៅតាមទីតាំងដែលត្រូវបានហាមឃាត់ (តាមទីសាធារណៈ កន្លែងធ្វើការ និងទីតាំងហាមឃាត់ផ្សេងៗទៀត) បន្ទាប់ពីក្រសួងបានចុះទៅអប់រំ និងផ្សព្វផ្សាយទូទាំងប្រទេសរួចហើយនោះ។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសប្រារព្ធទិវាពិភពលោក គ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងសុខភាពសួត» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី ៣០ ខែឧសភានេះ។

លោកស្រីវេជ្ជបណ្ឌិត ឈា ឆដាភា បានថ្លែងបន្ដថា «ច្បាប់ចុះទៅផាកពិន័យជាប្រាក់នេះ គឺបានដាក់ចេញរួចមកហើយ តែយើងមិនទាន់ចុះទៅផាកភ្លាមៗនោះទេ គឺចុះទៅអប់រំ ផ្សព្វផ្សាយផ្ទាល់ ដល់ប្រជាជន និងអាជីករ រួចរាល់ហើយ ទើបយើងចុះផាកពិន័យ ។ យន្ដការផាកពិន័យនេះ គឺជាយន្ដការដ៏សំខាន់ នៅក្នុងការអនុវត្ដន៍ច្បាប់ ដើម្បីឱ្យពួកគាត់បញ្ឈប់ការជក់បារីនៅតាមទីសាធារណៈ និងតាមទីតាំងមួយចំនួនដែលត្រូវហាមឃាត់ ព្រោះថា បន្ទាប់ពីផាកជាទឹកប្រាក់ហើយ យើងនឹងចុះផ្សាយព័ត៌មានពួកគាត់ជាសាធារណៈថែមទៀត ដែលនឹងធ្វើឱ្យបុគ្គលនេះ ខ្មាសអៀន និងបន្ថយការជក់បារី គ្មានច្បាប់ទំលាប់ ប៉ះពាល់ដល់សុខភាពអ្នកជុំវិញខ្លួន និងបរិស្ថាន» ។

លោកស្រីបានបន្ដថា ក្រសួងមានមន្រ្ដីអធិការកិច្ច ៤៩០នាក់នៅទូទាំងប្រទេស ដើម្បីចុះទៅអនុវត្ដន៍ច្បាប់ផាកពិន័យនេះ ដោយសម្រាប់ម្ចាស់ភោជនីយដ្ឋាន ឬសណ្ឋាគារ ត្រូវរៀបចំឱ្យមានកន្លែងសមរម្យមួយ ដាច់ដោយឡែកសម្រាប់អ្នកជក់បារី បើមិនគោរពទៅតាមការណែនាំរបស់ក្រសួង នឹងចុះផាកពិន័យជាប្រាក់៥ម៉ឺនរៀល និងអ្នកជក់បារី២ម៉ឺនរៀល ។

លើសពីនោះ មន្ត្រីអធិការកិច្ច ក៏នៅតែបន្តការចុះធ្វើអធិការកិច្ចដដែល ដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ផលិតករ អាជីវករ និងអ្នកជក់បារី ឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីការពារដល់សុខភាពរបស់ប្រជាពលរដ្ឋ ពិសេសជៀសផុតពីជំងឺ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺមហារីកសួត ជំងឺដាច់សសៃឈាម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺជាច្រើនទៀតពីក្បាលដល់ចុងជើង ដោយសារការជក់បារីនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក អ៊ឹង ភីរុន ក៏បានអំពាវនាវដល់អាជីវករលក់ដូរទាំងអស់ កុំលក់បារី ដែលគ្មានដាក់សារសុខភាព បារីដែលមានកញ្ចប់តូចៗមានតម្លៃថោក ងាយទាក់ទាញអ្នកជក់ និងកុំលក់បារី និងប្រេងសាំងក្បែរគ្នា ដើម្បីការពារកុំឲ្យមានហានិភ័យកើតឡើង និងគោរពច្បាប់ទាំងអស់គ្នា ដើម្បីទទួលបានសុខភាព រួមទាំងជៀសផុត ពីការផាកពិន័យជាប្រាក់ផងដែរ ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានខាតបងថវិកាប្រមាណ ១៦៣លានដុល្លារអាមេរិក ទៅលើការព្យាបាលជំងឺ រួមទាំងការបាត់បង់កំលាំងពលកម្ម និងស្លាប់ដោយសារជក់បារី ជាង១ម៉ឺននាក់ ក្នុងមួយឆ្នាំ ៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *