មិនសូវមានអ្នកស្គាល់!! ខេត្តបាត់ដំបង មានវិហារធ្វើពីឈើចំណាស់ដល់ទៅ ១៣២ឆ្នាំ
វត្តឈើខ្មៅជាទួលសក្តិសិទ្ធិ និង ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាល សំឡេងកាណូតបើកកាត់ផ្ទៃទឹកបង្កើតបានជារលកតូចៗរត់ប្រដេញគ្នាតាមដងស្ទឹងសង្កែឆ្ពោះទៅកាន់ ភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្តប្រមាណជា ៥៤ គីទ្បូម៉ែត្រ ។
វត្តនេះសាងសង់ទ្បើងនៅឆ្នាំ ១៨៨៧ ហើយព្រះវិហារវត្តឈើខ្មៅធ្វើទ្បើងពីរុក្ខជាតិឈើខ្មៅសុទ្ធសាធ ។ វត្តឈើខ្មៅនេះ សាងសង់លើទីទួលមួយ ដែលពីដើមសម្បូរទៅដោយដើមឈើខ្មៅ ហើយគេបានកាប់ឈើនោះយកមកធ្វើព្រះវិហារ ទើបគេឱ្យឈ្មោះថា វត្តឈើខ្មៅ ។ទោះបីជាមានទឹកជំនន់ធំប៉ុណ្ណា ក៍៏ទួលដែលសាងសង់ព្រះវិហារនោះពុំដែលលិចទ្បើយ ។ ហេតុនេះទើបអ្នកស្រុកប្រសិទ្ធិនាមវត្តនេះថា “ទួលអណ្តែត” ។
នៅរដូវប្រាំង ព្រះវិហារនេះមើលទៅដូចជាប្រាសាទមួយស្ថិតនៅកណ្តាលព្រៃរនាម ហាក់ដូចជាអណ្តែតពីក្នុងផ្ទៃទឹក ហើយនៅលើទួលនេះមានសល់ទូកងមួយធ្វើពីឈើគគីរដែលដុះនៅលើទួលនោះ ដែលគេកសាងទ្បើង តាំងពីពេលកកើតវត្ត ហើយមានបារមីខ្លាំងពូកែពេលប្រកួតម្តងៗមិនដែលចាញ់គេទេ ។ វត្តឈើខ្មៅនេះមានអាយុកាលប្រមាណជា ១៣២ ឆ្នាំមកហើយមកទល់ពេលនេះ ៕