អបអរសាទរ! កូនខ្មែរ​ម្នាក់ បានបញ្ចប់​ការ​សិក្សា​​នៅសាលា​យោធា​ដ៏ល្បីមួយ ​នៅ​អាមេរិក

យុវជន ផាន់ វិទ្យា ជា​កូន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​និស្សិត​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​មាន​ក្ដី​សុបិន​ចង់​ទទួល​បាន​ការ​សិក្សា​ផ្នែក​យោធា​ ឯ​សាលា​ល្បី ​នៅ​សហរដ្ឋ​អាមេរិក​ ពេល​នេះ​យុវជន​រូប​នេះ បាន​សម្រេច​ក្ដី​សុបិន្ត​របស់​ខ្លួន​ បន្ទាប់​ពី​ទទួល​បាន​អាហារូករណ៍​កាល​ពី​ឆ្នាំ ២០១៣ និង​ទើប​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ។មាន​មាឌ​ធំដំបង រាងរៅ​​មាំ ​សម​ជា​កង​យោធា​មួយ​រូប យុវជន​​​វ័យ ​២៣ ​ឆ្នាំ​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា គេ​មាន​ក្ដី​ស្រមៃ ចង់​ក្លាយ​ជា​កងយោធា​មួយ​រូប​ ដើម្បី​ថែរក្សា​មាតុភូមិ​កំណើត​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ។

យុវជន​រូបនេះ បានប្រាប់​ LIFT-យុវវ័យ ថា តាំង​ពីគេ​ទើប​ជាប់​អាហា​រូករណ៍​ទៅ​សិក្សា​ឯសាលា​យោធា​ដំបូង​កាល​ពីឆ្នាំ​ ២០១៣ ​ថា «ខ្ញុំ​ស្រឡាញ់​ការងារ​ផ្នែក​យោធា ខ្ញុំ​ស្រឡាញ់​ផ្នត់​គំនិត​នៃ​ការបម្រើ​ប្រទេស​ជាតិ ហើយ​ខ្ញុំ​តែង​តែ​លេខ​​មួយ​នឹង​សកម្មភាព​ជាទាហានម្នាក់​»។

ជាលទ្ធ​ផលថ្មី​មួយ​ទៀត​ដែល​យុវជន​ខ្មែរ​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​វិទ្យា​សាស្ត្រ​​នយោ​បាយ​ ពី​សាលា​យោធា​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​ (The United States Naval Academy) ដែល​យុវជន​និង ​និស្សិត​រាប់​ម៉ឺន​នាក់​ក្នុង​១ឆ្នាំៗ បាន​ប្រឡង​និង ប្រាថ្នា​ចង់​បន្ដ​ការ​សិក្សា​នៅ​ទីនោះ​ ប៉ុន្ដែ​ក្នុង​១ឆ្នាំ​សាលាយោធា​នេះ​បាន​ជ្រើស​រើស​និស្សិត​តែ ​១ ពាន់​នាក់​ប៉ុណ្ណោះ នៅ​ទូទាំង​សកល​លោក​ឲ្យ​ចូល​សិក្សា​បើ​តាម​ការ​ឲ្យ​ដឹង​ពី​យុវជន វិទ្យា ។

យុវជនរូបនេះ​បាន​លើក​ឡើងថា ​ព្រោះ​តែ​ស្រលាញ់​ជំនាញ​យោធា​នេះ គេ​បាន​ស្ម័គ្រ​ចិត្ដ​ចូល​បម្រើ​ការ​នៅ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​កម្ពុជា ​អស់​រយៈ​ពេល​ពីរឆ្នាំ​ ទើប​ព្យាយម​ដាក់​ពាក្យ​ប្រឡង អាហារូប​ករណ៍​ទៅ​បន្ដ​ការ​សិក្សា​នៅ​សាលា​យោធានេះ​ជាប់។
វិទ្យា ​បាន​រំលឹកថា​ «ពីដំបូង​ខ្ញុំ​បាន​ព្យា​យាម​ដាក់​ពាក្យ​សុំ​អាហា​រូបករណ៍ ​ទៅ​សិក្សា​នៅ​សាលា​យោធា​ឯសហរដ្ឋ​អាមេរិក ប៉ុន្ដែ​ មិន​ជាប់ ​ក្រោយ​មក ខ្ញុំ​បាន​ចំណាយ​​ពេល​ពីរឆ្នាំ​ ទៅ​ចូល​បម្រើ​ការ​ងារ​នៅ​កង​កម្លាំង​ភារវកម្ម​ពិសេស​ ហើយ​ប្រឹង​ប្រែង​បង្កើន​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​ឲ្យ​បាន​ពិន្ទុ​ខ្ពស់ និង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​បន្ថែម​ទៀត ទើប​ខ្ញុំ​ទទួល​បាន​ឱកាស​អាហា​រូបករណ៍​នេះ​» ។

បើ​តាម វិទ្យា នៅ​សាលា យោធា​ឯសហរដ្ឋ​អាមេរិក ដែល​គេ​ទៅ​សិក្សា​នោះ ក៏​មាន​និស្សិត​កម្ពុជា​ ០២ រូប​ទៀត​ កំពុង​បន្ដ​ការ​សិក្សា​ដែរ​។

ទាក់ទិន​នឹង​ការ​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ដ៏ល្បី​នៅ​លើ​ពិភព​លោក​ ហើយ​វិល​ត្រឡប់​មក​ប្រទេស​វិញ​នេះ វិទ្យា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ គេ​នឹង​ចូល​ទៅ​បម្រើ​ការ​ជា កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​បន្ត​ ហើយ​ប្រសិន​បើ​មាន​ឱកាស​ ​នឹង​បន្ត​ការ​សិក្សា​បន្ថែម​ទៀត ។

សាលា​យោធា The U.S. Naval Academy គឺជា​សាលា​ដ៏ល្បី​មួយ​របស់​អាមេរិក ​ ដែល​បាន​ផ្ដល់​គុណ​ភាព​អប់រំ​ ​កម្រិត​ខ្ពស់ ទាម​ទាឲ្យ​សិស្ស​ សិក្សា​មាន​ការ​ប្រកួត​ប្រជែង​ ដែល​គេ​តែង​ហៅ​ថា កង​យោ​ធា​នាវាចរ (Midshipmen) ។

និស្សិត​កម្ពុជា ដែល​មាន​ទេព្យ​កោសល្យ​ ចង់​ប្រឡង​ទៅ​សិក្សា​នៅ​សាលា​យោធា​នេះ​ត្រូវ​មាន​អាយុ​ចាប់​ពី ១៧-២២​ ឆ្នាំ មាន​ចំណេះដឹង​ទូលំទូលាយ​មាន​កម្រិត​ពន្ទុរ​សិក្សា​នៅ​វិទ្យា​ល័យ​ខ្ពស់ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ៕

ប្រភព៖ den-sharing

Leave a Reply

Your email address will not be published. Required fields are marked *

shares