ពិតជាមិនធម្មតា! អ្នកលក់គ្រឿងម្ជូរគ្រប់មុខនៅម្តុំវត្តភ្នំ អាចរកចំណូលពី ៤-៥ ម៉ឺនដុល្លារ/ខែ

លោកស្រី លាភ ដាណេ វ័យ ៤២ឆ្នាំ ជាអាជីវករលក់គ្រឿងម្ជូរគ្រប់ប្រភេទនៅម្តុំវត្តភ្នំ អាចរកចំណូលបានចន្លោះពី ១៦​០​លាន​រៀ​ល ដល់ ២០០លានរៀល (៤ ទៅ ៥ម៉ឺនដុល្លារអាមេរិក) ក្នុងមួយខែ។​

តាមរយៈបទសម្ភាសន៍រវាង លោកស្រី លាភ ដាណេ ជាមួយនឹង ពាណិជ្ជកម្មកម្ពុជា (Business Cambodia) លោកស្រីបាន​មា​ន​ប្រសាសន៍ឲ្យដឹងថា៖ លោកស្រីបានចាប់ផ្តើមប្រកបរបបលក់គ្រឿងម្ជូរនេះ ចាប់តាំងពីលោកស្រីនៅវ័យក្មេងមកម្លេះ។​

លោកស្រីបានមានប្រសាសន៍បន្ថែមថា៖ ការបង្កើតអាជីវកម្មនេះឡើង គឺមិនមែនដើម្បីតែប្រាក់ចំណូល ឫ ប្រាក់​ចំណេញតែ​ម្យ៉ា​ងនោះឡើយ តែវាជាការផ្តល់ជូននូវសុខភាពល្អដល់មនុស្សទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរ តាមរយៈ​ការទទួល​ទាន​នូវ​ម្ជូរ​ដែលមានគុណភាពល្អ រសជាតិឆ្ងាញ់ មានអនាម័យ ពិសេសមានតម្លៃថោកសមរម្យ។​

ក្រោយពីបានអភិវឌ្ឍន៍អាជីវកម្មរបស់លោកស្រី ឲ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់ លោកស្រី អាចធ្វើឲ្យអា​ជីវ​កម្មនេះ មានគេកោតសសើរមិនដាច់ពីមាត់ និងនឹកស្មានមិនដល់ថាគ្រាន់តែលក់ម្ជូរ អាចរកចំណូលបានយ៉ាង​ច្រើន​បែ​ប​នេះ​។​

កត្តាដែលធ្វើឲ្យអាជីវកម្មរបស់លោកស្រី អាចយកឈ្នះលើដៃគូប្រកួតប្រជែងបាន ដោយសារតែលោកស្រី​ផ្តោត​លើការទទួ​ល​បា​នប្រាក់ចំណេញតិច តែមានស្ថេរភាពយូរអង្វែង និងផ្តោតលើកំណើនៃអតិថិជនជាចម្បង។​

អាជីវករ លាភ ដាណេ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ ជាធម្មតា លោកស្រីអាចលក់ម្ជូរបានចន្លោះពី ១តោន ទៅជាង​២​តោន ក្នុងមួយថ្ងៃ ដែលអាចឲ្យលោកស្រីរកចំណូលបានប្រមាណពី ៥លាន ទៅជិត ១០លានរៀលក្នុងមួយថ្ងៃ។ ជាងនេះ​ទៅ​ទៀត លោកស្រី បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ចន្លោះពី ១០ ទៅ ២០នាក់ ជាមួយនឹងប្រាក់ខែសមល្មមផងដែរ។​

លោកស្រី លាភ ដាណេ បានណែនាំដល់អាជីវករទាំងឡាយថា៖ “ការចាប់ផ្តើមអាជីវកម្ម មិនអា​ចមើលឃើញ​តែប្រាក់​ចំណូ​ល​នោះទេ តែអ្នកក៏ត្រូវគិតដល់សុវត្ថិភាព សុខភាពអតិថិជនរបស់អ្នកផងដែរ។” តួយ៉ាង ដូចជាលោកស្រីជាដើម លោក​ស្រី​តែង​តែកម៉្មង់ទិញកាពិ ប្រហុក ពីខេត្តកំពត ដែលសុទ្ធមិនមានលាយថ្នាំ ឫ អ្វីផ្សេង​ដែលអាចប៉ះ​ពាល់ដល់សុខ​ភាព​អ្នក​ដ​ទៃ​ឡើយ​ បើទោះបីជាតម្លៃហាក់ថ្លៃជាងទីផ្សារបន្តិចក៏ដោយ។

គួរបញ្ជាក់ផងដែរថា តូបលក់ម្ជូរវត្តភ្នំ ១៦៨ មានទីតាំងស្ថិតនៅខាងក្រោយវត្តភ្នំ ខាងឆ្វេងមន្ទីរពេទ្យគន្ធបុប្ផា មានលក់​គ្រឿង​ម្ជូរ​គ្រប់ប្រភេទ ជាមួយនឹងតម្លៃថោកសមរម្យ។ ពេលបានញ៉ាំហើយ ចង់ទៅទិញញ៉ាំម្តងទៀត ពិសេស មានអ្នកលក់​ដែ​ល​មា​ន​ភា​ពរួសរាយ និងមានអំបិលច្រើនប្រភេទណាស់៕​

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *