អបអរសាទរ! ផ្លែស្ត្រប៊ើរី និងផ្លែប៉ោម មានដាំនៅស្រុកខ្មែរបានហើយ
កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ដែលអាចឱ្យប្រជាជនប្រកបរបរដាំដំនាំ និងធ្វើស្រែចំការ ដោយទទួលបានទិន្នផលខ្ពស់។ សូមបញ្ជាក់ផងដែរថា កម្ពុជា មានដំនាំផ្លែឈើហូបផ្លែជាច្រើន ដែលប្រទេសដទៃមិនមាន តែក៏មានដំនាំផ្លែឈើមួយចំនួនមិនអាចដំានៅខ្មែរបានផងដែរដូចជា ផ្លែប៉ោម, ស្ត្រប៊ើរី និងដំនាំផ្លែឈើជាច្រើនទៀត។
តែគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដែលមានកូនខ្មែរពីររូប មានសមត្ថភាពអាចដំាដំនាំផ្លែស្ត្រប៊ើរី និងផ្លែប៉ោម នៅប្រទេសកម្ពុជាបានហើយ តោះមកមើលដំនាំផ្លែឈើទាំងពីរនេះដូចតទៅ៖
១) ផ្លែស្ត្រប៊ើរី
ពោធិ៍សាត់: ជាការរួមចំណែកក្នុងវិស័យកសិទេសចរណ៍ ដែលអាចចម្ការ ស្ត្រប៊ើរី (Strawberry) លើទឹកដីសុវណ្ណភូមិភាគខាងលិចចាប់ផ្ដើមហុចផលនូវផ្លែក្រហមទុំព្រោងព្រាតរាប់សិបរង រាយមន្ដអន្ទងចិត្ដភ្ញៀវ ជាពិសេស អ្នករស់នៅក្នុងទីក្រុងដ៏អាប់អួ មកគន់ចម្ការដំណាំ និងភ្លក្សរសជាតិផ្លែឈើដ៏កម្រនេះ ក្រោមសម្រស់ធម្មជាតិនៃព្រៃភ្នំបឹងបួ។
រុក្ខជាតិវល្លិកម្ពស់ទាបៗដាំលើរងដីក្រាលតង់កៅស៊ូ ផ្កាពណ៌ស ស្លឹកឆែកៗ ផ្លែក្ដឹបពណ៌បៃតង និងទុំក្រហមច្រាល បីដូចជាក្រែមដ៏ស្រស់ឆើតឆាយលើបបូរនារីៗ រសជាតិផ្អែមលាយជូរតិចៗ រមែងសម្បូរនៅតំបន់សីតុណ្ហភាពត្រជាក់ឯប៉ែកអឺរ៉ុប និងបណ្ដាប្រទេសជិតខាងមួយចំនួន។
ក្រោមកិច្ចសហការរវាងសហគ្រិនវ័យក្មេងកម្ពុជាជាមួយអ្នកបច្ចេកទេសជនជាតិអេស្ប៉ាញ ដំណាំស្ត្រប៊ើរី នៅលើដីកសិកម្មនៃទឹកដីខេត្ដពោធិ៍សាត់ បាននិងកំពុងហុចផលជារៀងរាល់សប្ដាហ៍ពី ១៥ ទៅ ២០ គីឡូក្រាម។ ក្រោយពីការបង្កបង្កើនផលសាកល្បងទទួលបានជោគជ័យ ពួកគេនឹងប្រើដីទាំង ៦ ហិកតារបស់ខ្លួនដាំដំណាំស្ត្រប៊ើរី រួមនឹងផ្លែឈើមួយចំនួន ខណៈអ្នកជំនាញអេស្ប៉ាញលោក Carlos Ezquerra ក៏ចង់បន្តរំលេចស្នាដៃកសិកម្មនៅលើភ្នំបូកគោសម្រាប់ដាំរុក្ខជាតិប្លែកៗលើទឹកដីកម្ពុជា។
ស្ថិតនៅលើទីវាលខ្ពស់នៃជម្រាលភ្នំត្រងោលក្នុងភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ រំលេចឲ្យឃើញច្បាស់នូវជន្លង់ម្រេច ដំណាំចេក ខ្មោចដើមម្រះព្រៅភ្នំឆេះខ្លោច ឆ្លុះជួរភ្នំសំកុស ឬភ្នំខ្មោច ចម្ការស្ត្រប៊ើរី រាប់សិបរងហាក់បានបង្ហាញសោភ័ណទាក់ទាញចំណាប់អារម្មណ៍នៅលើដីចម្ការដ៏ស្ងប់ស្ងាត់។
លោក អ៊ូច សំបូរ ជាម្ចាស់ចម្ការស្ត្រប៊ើរី ម្នាក់ បាននិយាយថា លោកបានផ្ដួចផ្ដើមគំនិតដាំរុក្ខជាតិបែបបស្ចិមនេះជាមួយអ្នកបច្ចេកទេសជនជាតិអេស្ប៉ាញ ហើយក្រោយពីបរាជ័យម្ដង ពួកគេបានផ្ដើមជាថ្មីដោយពេលនេះ ស្ត្រប៊ើរីកំពុងតែហុចទិន្នផលជារៀងរាល់សប្ដាហ៍ចាប់ពី ៤ គីឡូនៅដើមរហូតដល់ ២០ គីឡូក្រាមពេញរដូវផ្លែល្អ។
លោក សំបូរ បានបន្ដថា៖ «ក្រោយពីការសាកល្បងទទួលជោគជ័យ យើងនឹងប្រើដីរបស់យើងដែលមានស្រាប់ទាំង ៦ ហិកតាដាំស្ត្រប៊ើរីទាំងអស់ ហើយយើងក៏គ្រោងលើកសំណើសុំដីអភិវឌ្ឍន៍ប្រមាណពី ៣០ ទៅ ៤០ ហិកតាជាមួយលោកអភិបាលខេត្ដផងដែរ»។
សាស្ដ្រាចារ្យវ័យ ៣៤ ឆ្នាំរូបនេះ បានអះអាងថា នៅពេលទិដ្ឋភាពចម្ការស្ត្រប៊ើរី ចេញផ្លែផ្កាព្រោងព្រាត វាប្រាកដជានឹងអាចទាក់ចិត្ដប្រជាជនខ្មែរមកទស្សនា និងភ្លក្សរសជាតិដំណាំកម្រនេះលើទឹកដីខ្លួនមិនខាន។
សម្រាប់អ្នកឯកទេសកសិកម្មមកពីអេស្ប៉ាញ លោក Carlos Ezquerra ដែលបាននាំចូលពូជស្ត្រប៊ើរី ពីប្រទេសរបស់ខ្លួន បានឲ្យដឹងថា៖ «ប្រជាជនកម្ពុជាពិតជាចាប់អារម្មណ៍ចង់ឃើញដំណាំកម្រ ដូចជា ស្ត្រប៊ើរី ដុះលើទឹកចិត្ដខ្លួន ហើយពួកគេក៏ហ៊ានចំណាយប្រាក់ពី ១០ ទៅ ១៥ ដុល្លារក្នុងមួយគ្រាប់ដើម្បីភ្លក្សរសជាតិរបស់វាដែរ»។
លោកបន្ដថា លោកពេញចិត្ដដីនៅលើភ្នំបូកគោដែលមានសីតុណ្ហភាពត្រជាក់ អំណោយផលដល់ដំណាំបែបបស្ចិមប្រទេសជាច្រើន ដូចជា ស្ត្រប៊ើរី និងឈើរី (Cherry) ជាដើម។
លោក Carlos បានលើកឡើងថា៖ «បច្ចុប្បន្ន ដោយសារតែភ្ញៀវក្នុងស្រុកចាប់អារម្មណ៍នឹងដំណាំស្ត្រប៊ើរី ខ្លាំង នៅតាមហាងនានាតែងតែកុម្ម៉ង់ទិញតិចក្ដី ច្រើនក្ដីជាហូរហែ។ តែយើងទើបទទួលបានផលតិចតួចដែលស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ សង្ឃឹមថា នៅឆ្នាំក្រោយៗទៀតយើងនឹងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតាមតម្រូវការ»។
លោកថា បើសិនជាម្ចាស់ដីនៅលើភ្នំបូកគោឯកភាពសហការ លោកនឹងរំលេចនូវដំណាំម្ហូបផ្លែ និងបន្លែបង្ការប្លែកៗជាច្រើនទៀត ដែលទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។
២) ផ្លែប៉ោម
ផ្លែប៉ោម ដែលធ្លាប់តែនាំចូលពីបរទេស និងល្បីថាមិនអាចដាំបានលើដីកម្ពុជា ពេលនេះកសិករខ្មែរអាចដាំបានដោយជោគជ័យលើទឹកដីកម្ពុជា ដោយទទួលបានផលច្រើនទៀតផង ក្នុងរយៈពេលត្រឹម ១១ខែ ប៉ុណ្ណោះ។
តាមគណនី Facebook របស់ឈ្មោះ Som Oeun Kim បានអះអាងថា ផ្លែប៉ោមនោះ ទើបដាំបាន ១១ ទៅ ១២ខែប៉ុណ្ណោះ ប៉ុន្តែចេញផ្លែយ៉ាងច្រើន។ លោកបានសរសេរថា៖ “អ្នកណាថាប៉ោមដាំនៅស្រុកខ្មែរយើងអត់ផ្លែ ឥឡូវខ្ញុំដាំបានផ្លែហើយ តែផ្លែតូចមិនបានធំប៉ុន្មាននោះទេ តែផ្លែវាផ្អែមហើយឆ្ងាញ់ ។”
ប្រភព៖ angkorpost, postkhmer