សារមន្ទីអង្គរមួយនៅសៀមរាប តម្លៃ ២៤លានដុល្លារ មិនសូវមានកូនខ្មែរចូលមើលសោះ
នៅមានពលរដ្ឋខ្មែរតិចតួចនៅឡើយដែលបានចូលទស្សនាសារមន្ទីរសព្វទស្សន៍អង្គរនៅក្នុងខេត្តសៀមរាប។ តាមពិត សារមន្ទីរសព្វទស្សន៍អង្គរជាសារមន្ទីរទំនើបមួយដែលមានបង្ហាញអំពីការដ្ឋានសាងសង់ប្រាសាទអង្គរវត្តតាមរយៈរូបភាព និងវីដេអូ3D។
សារមន្ទីរសព្វទស្សន៍អង្គរ
តើដូនតា បុព្វបុរសខ្មែរខ្មែរសាងសង់ប្រាសាទអង្គរវត្តយ៉ាងដូចម្តេច? តើពួកគាត់រំកិលថ្ម ដាប់ ឆ្លាក់ក្បាច់លើថ្មយ៉ាងដូចម្តេចខ្លះ? តើជីវភាពរស់នៅរបស់ដូនតាខ្មែរក្នុងសម័យអង្គរនោះមានទិដ្ឋភាពបែបណា? អ្នកដែលធ្លាប់អានសៀវភៅ និងឮការនិទាននានា អាចស្រមើស្រមៃរូបភាពទាំងនោះបាន។ ប៉ុន្តែនៅពេលដែលយើងទៅចូលទៅដល់សារមន្ទីរសព្វទស្សន៍អង្គរ យើងនឹងអាចឃើញទិដ្ឋភាពទាំងនោះច្បាស់លាស់ជាង។
តាំងពីចុងឆ្នាំ២០១៥ សារមន្ទីរសព្វទស្សន៍អង្គរ (Angkor Panorama Museum) បានបើកទ្វារទទួល អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ អគារសារមន្ទីរតម្លៃ២៤លានដុល្លារ ត្រូវបានកសាងឡើងក្រោមកិច្ច សហប្រតិបត្តិការជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។
ចាប់តាំងពីការបើកទ្វារទទួលអ្នកទេសចរណ៍ដែលកាន់តែកើនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះគេពុំសូវឃើញមានអ្នកទេសចរណ៍ជាតិចូលមកទស្សនារូបភាពនៃការសាងសង់អង្គរវត្តដ៏ល្បីល្បាញលើពិភពលោកនេះឡើយ។ លោក សុខ សុរុន ប្រធានផ្នែកប្រតិបត្តិការនៃសារមន្ទីរសព្វទស្សន៍អង្គរបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ចំនួនអ្នកចូលទស្សនាសារមន្ទីរបានកើនពី៦ម៉ឺននាក់នៅក្នុងឆ្នាំ២០១៦ មកជាង១៧ម៉ឺននាក់នៅក្នុងឆ្នាំ២០១៧ ហើយបានបន្តកើនឡើងដល់២៤ម៉ឺននាក់ហើយក្នុងរយៈពេលតែ៩ខែនៃឆ្នាំ២០១៨នេះ។ ប៉ុន្តែប្រធានប្រតិបត្តិការសារមន្ទីរបានបញ្ជាក់ដូច្នេះថា៖«ក្នុងចំណោមអ្នកចូលទស្សនាទាំងអស់ ជនជាតិចិនមានច្រើនលើសលប់រហូតដល់៨០ភាគរយ។ អ្នកចូលទស្សនាដែលជាជនជាតិខ្មែរមានតិចតួចនៅឡើយ»។
លោក សុរុន ចង់ឃើញពលរដ្ឋខ្មែរចូលទស្សនាសារមន្ទីរនេះដែលខុសពីសារមន្ទីរដទៃ ដោយសារតែសារមន្ទីររបស់លោកមានដាក់បង្ហាញរូបភាពគំនូរលើជញ្ជាំងដ៏ធំ និងវីដេអូ3D ដែលបង្ហាញអ្នកទស្សនាអំពីទិដ្ឋភាព និងបរិយាកាសនៃជីវភាពរបស់ប្រជាជនខ្មែរក្នុងអង្គរ។ ជាពិសេស សម្រាប់លោក សុរុន គឺរូបភាពនៃការសាងសង់ប្រាសាទអង្គរវត្ត។
សម្រាប់តម្លៃនៃការចូលទស្សនាសារមន្ទីរសព្វទស្សន៍អង្គរ៖
ទេសចរបរទេសត្រូវបង់ថ្លៃ២០ដុល្លារ
ទេសចរខ្មែរ (មនុស្សចាស់) បង់តម្លៃសំបុត្រ ៣,៥ ដុល្លារ
ក្មេង (ពី ៦ ទៅ ១២ ឆ្នាំ) បង់តម្លៃសំបុត្រ ២,៥ ដុល្លារ
និស្សិត ត្រូវបង់ថ្លៃសំបុត្រ ២,៥ដុល្លារ
កុមារអាយុក្រោម៦ឆ្នាំ និងព្រះសង្ឃត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ