ដើម្បីយកប្រាក់ព្យាបាលម្ដាយ ខ្ញុំសុខចិត្តព្រមរៀបការជាមួយ “បុរសជើងខ្វេរ” ពេលខ្ញុំឈឺពោះឆ្លងទន្លេទើបបានដឹងពីចរិតស្វាមីរបស់ខ្ញុំ

ថ្មីៗនេះវេបសាយបរទេសបានបង្ហោះរឿងរ៉ាវរបស់អ្នកលេងហ្វេសប៊ុកម្នាក់ ដោយរឿងរ៉ាវមានដូចតទៅ៖ ឪពុករបស់ខ្ញុំបានស្លាប់បាត់បង់ជីវិតតាំងពីខ្ញុំនៅក្មេងម៉្លេះ ម៉ែបានចិញ្ចឹមមើលថែខ្ញុំរហូតដល់ខ្ញុំធំពេញវ័យ ដើម្បីខ្ញុំ ម៉ែមិនយកស្វាមីថ្មី ម៉ែធ្វើចំការនៅកណ្ដាលវាលក្ដៅដើម្បីយកប្រាក់មកឲ្យខ្ញុំរៀន ពេលប្រឡងបាក់ឌុបនៅឆ្នាំដំបូងខ្ញុំប្រឡងមិនជាប់ឡើយ ម៉ែប្រាប់ឲ្យខ្ញុំរង់ចាំប្រឡងសារជាថ្មីនៅឆ្នាំក្រោយ ប៉ុន្ដែខ្ញុំមិនព្រម ខ្ញុំមិនចង់ឃើញម៉ែធ្វើការលំបាកដើម្បីខ្ញុំទៀតឡើយ។

ខ្ញុំហាត់រៀនធ្វើការតាមប្រព័ន្ធអ៊ីនធើណិត គឺទទួលការងារផ្សេងៗយកមកធ្វើ មួយពព្រិចភ្នែកបានកន្លងផុតទៅ៣ឆ្នាំ ការងាររបស់ខ្ញុំទៅមុខយ៉ាងរលូន មួយខែៗផាត់ការចាយវាយសន្សំបាន៣០០ដុល្លារ ប៉ុន្ដែនឹកស្មានមិនដល់ម៉ែបានទៅពិនិត្យសុខភាពទទួលការវិនិច្ឆ័យថាកើតជម្ងឺមហារីកថ្លើម ម៉ែមិនចង់ទៅព្យាបាលនៅមន្ទីពេទ្យឡើយ គាត់ចង់សម្រាន្ដរង់ចាំសេចក្ដីស្លាប់នៅផ្ទះ ប៉ុន្ដែខ្ញុំនៅតែចចេសយកគាត់ទៅព្យាបាលនៅមន្ទីពេទ្យឲ្យទាល់តែបាន ហើយប្រាក់ដែលខ្ញុំបានសន្សំក៏ត្រូវបានចាយវាយថ្លៃព្យាបាលអស់ទៅយ៉ាងឆាប់រហ័ស ប៉ុន្ដែអាការរបស់ម៉ែខ្ញុំត្រូវចាំបាច់ព្យាបាលដោយគីមីបន្ដ ត្រូវការប្រាក់យ៉ាងច្រើនទៀត ខ្ញុំខ្វាយខ្វល់ខ្លាំងណាស់ ពេលនោះអ៊ំម្នាក់ជាអ្នកជិតខាងបានប្រាប់ថាខ្លួនគាត់មានបងប្អូននៅឆ្ងាយជាអ្នកមានស្ដុកស្ដម្ភ ប៉ុន្ដែជើងរបស់គាត់ដើរប៉័ងពៀច កំពុងចង់រៀបការជាលើកទីពីរ អ៊ំអ្នកជិតខាងបានសួរខ្ញុំថាតើចង់រៀបការទេ បើបានខ្លួនគាត់ច្បាស់ណាស់ប្រាក់ថ្លៃទឹកដោះលែងជាបញ្ហា។

ខ្ញុំគ្មានផ្លូវជ្រើសរើសឡើយ ក៏សម្រេចចិត្តទៅជួបគាត់ នឹកស្មានមិនដល់ថាគាត់ក៏ចូលចិត្តខ្ញុំ ប៉ុន្ដែគាត់មិនត្រឹមតែខ្វិនជើង ថែមទាំងមានអាយុច្រើនជាងខ្ញុំទៀតផងគឺ៤១ឆ្នាំឯណោះ បើនិយាយតាមត្រង់ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិច ប៉ុន្ដែគាត់បានសន្យាថាបើខ្ញុំព្រមរៀបការជាមួយគាត់ គាត់នឹងធ្វើល្អចំពោះខ្ញុំ ហើយនឹងចេញប្រាក់ព្យាបាលម៉ែរបស់ខ្ញុំផងដែរ សម្រាប់ថ្លៃទឹកដោះវិញគឺឲ្យ៩ម៉ឺនដុល្លារ ខ្ញុំរំភើបចិត្តណាស់ ម៉ែរបស់ខ្ញុំធ្លាប់ធ្វើការដើម្បីខ្ញុំច្រើនណាស់ ដើម្បីម៉ែតើខ្ញុំគួររៀបការជាមួយបុរសនោះដែរទេ?

ក្រោយមកមិនបានប៉ុន្មាន ពួកយើងទាំងពីរក៏បានរៀបការជាមួយគ្នា ក្រោយរៀបការខ្ញុំរវល់នៅមើលថែទាំម៉ែនៅមន្ទីពេទ្យ ស្វាមីខ្ញុំបានរៀបចំឲ្យម៉ែរបស់ខ្ញុំសម្រាកនៅបន្ទប់ VIP ថែមទាំងជួលស្រ្តីមេផ្ទះមកធ្វើម្ហូបឲ្យខ្ញុំនិងម៉ែពិសាទៀតផង ដើម្បីចង់ឲ្យម៉ែបន្ថយការឈឺចុកចាប់ក៏បានឲ្យគាត់ប្រើថ្នាំដែលនាំចូលពីក្រៅប្រទេស ប៉ុន្ដែទោះយ៉ាងណាក៏មិនអាចឃាត់ជីវិតម៉ែបានឡើយ កន្លងផុតទៅកន្លះឆ្នាំម៉ែក៏បានលាចាកលោកនេះទៅ ក្រោយរៀបចំធ្វើពិធីបុណ្យសពរួចរាល់ ខ្ញុំមានអារម្មណ៍ថាទទេ ខ្ញុំគ្មានសល់នរណាឡើយ ខ្ញុំបានខ្យល់ចាប់ដួលសន្លប់ព្រោះមិនបានគេងគ្រប់គ្រាន់ជាច្រើនថ្ងៃមកហើយ ពេលខ្ញុំដឹងខ្លួនឡើងក៏ឃើញស្វាមីរបស់ខ្ញុំនៅក្បែរៗ ចាប់ដៃខ្ញុំ ប្រាប់ខ្ញុំថាត្រូវរឹងមាំ ខ្ញុំនៅមានគាត់ម្នាក់ដែរ គាត់ថែមទាំងប្រាប់ខ្ញុំថាពេលគាត់បញ្ជូនខ្ញុំមកមន្ទីពេទ្យ ហើយបានពិនិត្យឃើញថា ខ្ញុំមានផ្ទៃពោះហើយ ប្រាប់ឲ្យខ្ញុំថែខ្លួនឲ្យបានល្អ។

ក្រោមការមើលថែរបស់ស្វាមី ដើម្បីកូននៅក្នុងផ្ទៃ ខ្ញុំកាន់តែរឹងមាំមានសុខភាពល្អ រហូតដល់ខ្ញុំឈឺពោះឆ្លងទន្លេ ស្វាមីរបស់ខ្ញុំបានបញ្ជូនខ្ញុំទៅមន្ទីពេទ្យដោយរំភើបរីករាយ គាត់ចូលមកក្នុងបន្ទប់ឆ្លងទន្លេជាមួយខ្ញុំ គាត់បានហៅគ្រូពេទ្យហើយប្រាប់គ្រូពេទ្យថា ទោះបីមានរឿងអ្វីកើតឡើងត្រូវព្យាបាលម្ដាយក្មេងជាមុនសិន វិនាទីនោះទឹកភ្នែករបស់ខ្ញុំក៏ស្រក់ហូរមក ខ្ញុំគិតថាគាត់ជាទេវតាដែលម៉ែរបស់ខ្ញុំបានប្រទានមកឲ្យមើលថែខ្ញុំ។

Leave a Reply

Your email address will not be published. Required fields are marked *