ស៊ែរម្នាក់មួយដើម្បីលើកទឹកចិត្ត! U22 កម្ពុជា ចាញ់វៀតណាម ៤-០ តែសល់ឱកាសដណ្ដើមមេដាយសំរឹទ្ធ SEA Games 2019

(ម៉ានីល)៖ ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 វៀតណាម នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ បានបញ្ចប់ហើយ ដោយក្រុមគោព្រៃកម្ពុជា បានបរាជ័យក្នុងលទ្ធផល ៤-០ មុននេះបន្ដិច នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាមួយឪកាសប៉េណាល់ទី១គ្រាប់ចុងម៉ោង តែ កែវ សុខផេង ទាត់អត់ចូល។

សម្រាប់ជំនួបដ៏ទាក់ទាញនេះ ក្រុម U22 វៀតណាមបានបំប៉ោងសំណាញ់ទីគោព្រៃកម្ពុជា ៣គ្រាប់មុន នៅវគ្គទី១។ បន្ទាប់មកក្រុម U22 កម្ពុជា បានព្យាយាមវាយបកផងដែរ តែមិនអាចបំបែកពងមាន់អតីតក្រុមម្ចាស់មេដាយមាសឆ្នាំ១៩៥៩ នេះបានឡើយ ផ្ទុយទៅវិញវៀតណាមបានបន្ថែម ១គ្រាប់ទៀត នៅវគ្គទី២ ដើម្បីទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

ប៉ុន្ដែទោះអស់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រក៏ពិតមែន តែគោព្រៃកម្ពុជា នៅមានភារកិច្ចសំខាន់មួយទៀត គឺការប្រកួតដណ្ដើមមេដាយសំរឹទ្ធ ដោយត្រូវជួប U22 មីយ៉ាន់ម៉ានាថ្ងៃទី១០ ខែធ្នូខាងមុខ បន្ទាប់ពីមីយ៉ាន់ម៉ា បានបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ក្រោមថ្វីជើងក្រុម U22 ឥណ្ឌូនេស៊ី ដោយលទ្ធផល ៤-២ ក្នុងការប្រកួតរយៈពេល ១២០នាទីល្ងាចមិញ ក្រោយប្រកួត ៩០នាទីស្មើគ្នា ២-២។

ចំពោះជំនួបដណ្ដើមមេដាយមាសវិញ គឺក្រុម U22 វៀតណាម ត្រូវជួបអតីតក្រុមម្ចាស់មេដាយមាស ២សម័យកាលឥណ្ឌូនេស៊ី នាយប់ថ្ងៃទី១០ ខែធ្នូដូចគ្នា។ ក្រុមទាំងពីរនេះ ធ្លាប់បានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយវៀតណាម បានយកឈ្នះឥណ្ឌូនេស៊ី ២-១។ រីឯកម្ពុជា និងមីយ៉ាន់ម៉ា ក៏ធ្លាប់ជួបគ្នាពូលម្ដងរួចដែរ គ្រាដែលលទ្ធផលកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-១ ។ ហើយការប្រកួតកាត់សេចក្ដីរកមេដាយនោះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *