ប្រាសាទអច្ឆរិយខ្មែរមួយនេះ ស្ថិតនៅចំកណ្តាលផ្ទៃទឹក ដែលកូនខ្មែរតិចណាស់បានដឹង
ប្រាសាទមេបុណ្យខាងលិចជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ តាមឯកសារលោក ជីវ តាក្វាន់ ឱ្យដឹងថា ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សទិ១១នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឧទ័យទិត្យវរ្ម័នទិ២ (ឆ្នាំ១០៤៩-១០៦៦) ដើម្បីឧទ្ទិសដល់បុព្វ
ការីជនរបស់ព្រះអង្គនៅសតវត្សទី ១១។ ប្រាសាទនេះមានលកខណៈប្លែក ពិសេសសំណង់ប្រាសាទផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ កំពែងខាងកើតត្រូវបានគេរចនាជាថែវមានបង្អួចធំល្មម ស្ថិតនៅដាច់ៗពីគ្នា និងមានគោបុរៈចូលចំនួនបី៖ មួយនៅចំកណ្តាល និង ពីរទៀតនៅចុងសងខាងនៃថែវ។
នៅចំកណ្តាលស្រះទឹកខាងក្នុងមានសំណង់មួយធ្វើអំពីថ្មភក់មានរាងមូលរបៀបដូចជាអណ្តូងទឹក មានអង្កត់ផ្ចិតប្រហែល៣ម៉ែត្រ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ ១៩៣៩ គេបានរកឃើញរូបបដិមាមួយអង្គក្នុងឥរិយាបថផ្ទំ ប៉ុនែ្តជាព្រះវិស្ណុ ស្ថិតនៅប្រាសាទមេបុណ្យខាងលិច។
យោងតាមការបកស្រាយរបស់លោក ជីវ តាក្វាន់បេសកជននៃចក្រភពចិន ដែលបានមកដល់ទីក្រុងអង្គរនៅអំឡុងឆ្នាំ ១២៩៥ បានបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានស្ថាបនាឡើងស្របតាមអត្ថន័យនៃរឿងកំណើតព្រះព្រហ្ម ពីព្រោះតាមដំណើររឿងនេះ មុនការលេចឡើងនៃពិភពថ្មី ព្រះវិស្ណុទ្រង់បានផ្ទំធ្វើសមាធិលើពស់អនន្តៈ បណ្តែតខ្លួនលើផ្ទៃទឹកសមុទ្រ អស់កាលដ៏យូរ។
បន្ទាប់មកមានឈូកមួយដើមដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូកនោះ មានលេញចេញរូបព្រះព្រហ្ម ទ្រង់កំពុងគង់ធ្វើសមាធិ ដែលបង្ហាញពីការកកើតភពថ្មី។ នៅក្នុងឆ្នាំ ១៩៣៨ នៅក្នុងបរិវេណប្រាសាទនេះត្រូវបានគេធ្វើកំណាយរកឃើញនូវរូបព្រះវិស្ណុផ្ទុំធំមួយ ធ្វើអំពីសំរិទ្ធិមួយកំណាត់ខ្លួន (ចាប់ពីដើមទ្រូងឡើងដល់ព្រះកេស)៕