សារចុងក្រោយ!!! គ្រូពេទ្យដ៏ជោគជ័យនៅក្នុងអាជីពម្នាក់ និយាយមុនពេលស្លាប់ថា…
លោក Richard Teo Ken Siang គឺជាគ្រូពេទ្យកែសម្ផស្សដ៏ជោគជ័យម្នាក់ ដែលមានលុយ និងរបស់របរជាច្រើន រួមមានឡានទំនើប ផ្ទះធំស្គឹមស្គៃ ដែលមនុស្សគ្រប់រូបតែងតែស្រមៃចង់បានជីវិតដូចជាលោក។ តែកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១កន្លងទៅនេះ លោកដឹងខ្លួនថាមានជំងឺមហារីក ដោយដំណឹងដ៏អាក្រក់នេះបានធ្វើឱ្យលោកគ្រូពេទ្យ Richard ព្រមទាំងភរិយាមានភាពតក់ស្លុតជាខ្លាំង។
លោកគ្រូពេទ្យ Richard បានផ្លាស់ប្តូរជំនាញពីគ្រូពេទ្យភ្នែក មករៀនជំនាញកែសម្ផស្សវិញ ព្រោះតែជំនាញនេះអាចរកលុយបានច្រើនជាង ហើយឥឡូវទោះបីជាលោកមានលុយច្រើនប៉ុណ្ណាក៏គ្មានន័យអ្វីសម្រាប់លោកផងដែរ។
លោកវេជ្ជបណ្ឌិត Richard បាននិយាយថា៖ ពេលខ្ញុំគេងគ្រែពេទ្យ ខ្ញុំស្វែងយល់ពីជីវិតថា ខ្ញុំពុំមានភាពរីករាយចំពោះរបស់របរខាងក្រៅដែលខ្ញុំមាននោះទេ មិនថាឡាន Ferrari ដីដែលខ្ញុំគ្រោងទិញដើម្បីសាងសង់បឹងហ្គាឡូ និងជំនួញជោគជ័យផ្សេងទៀតគឺមិនសំខាន់ទាំងអស់។ ពេលនោះគឺជាពេលវេលាដ៏សំខាន់បំផុតដើម្បីឱ្យលោកស្វែងយល់ពីអត្ថន័យជីវិត និងផ្លាស់ប្តូរផ្នត់គំនិតទាក់ទិនទៅនឹងសេចក្តីសុខដ៏ពិតប្រាកដ។
រាល់របស់ដែលខ្ញុំមាន រួមមានភាពជោគជ័យ លុយកាក់ ពានរង្វាន់ ឡានទំនើប ផ្ទះធំស្គឹមស្គៃ និងរបស់របរផ្សេងៗទៀតដែលខ្ញុំគិតថា វានាំឱ្យខ្ញុំមានសុភមង្គលនោះ គឺមិនបានធ្វើឱ្យខ្ញុំសប្បាយចិត្តនោះទេ។ ខ្ញុំមិនអាចគេងឱបឡាន Ferrari បាននោះទេ។ អ្វីដែលពិតជាធ្វើឱ្យខ្ញុំសប្បាយ
ចិត្តពិតប្រាកដក្នុងរយៈពេល ១០ខែនេះ (មុនពេលលោកស្លាប់) គឺការទំនាក់ទំនងជាមួយមនុស្ស មនុស្សដែលខ្ញុំស្រលាញ់ មិត្តភក្តិ អ្នកដែលស្រលាញ់និងបារម្ភពីខ្ញុំពិតប្រាកដ។ ពួកគេយំ សើច សប្បាយជាមួយខ្ញុំ និងអាចយល់ពីការឈឺចាប់ដែលខ្ញុំឆ្លងកាត់។
លោកគ្រូពេទ្យ Richard បាននិយាយទៀតថា៖ ប្រសិនបើខ្ញុំមានឱកាសរស់នៅលើលោកម្តងទៀត ខ្ញុំនឹងធ្វើជាគ្រូពេទ្យដ៏ល្អម្នាក់ ដែលពុំមែនគិតតែរឿងលុយមួយមុខនោះទេ។ ព្រោះខ្ញុំពិតជាយល់ពីអារម្មណ៍របស់អ្នកជំងឺនៅពេលនេះ នៅពេលខ្ញុំកើតជំងឺមហារីកផ្ទាល់។
មុនពេលលោកគ្រូពេទ្យ Richard បានចែកឋាន លោកបានផ្តាំទៅដល់គ្រូពេទ្យទាំងអស់ថា៖ នៅពេលខ្ញុំប្រឈមមុខនឹងការស្លាប់ ខ្ញុំស្រាប់តែយល់ពីអត្ថន័យនៃជីវិត និងផ្តោតលើរឿងសំខាន់ដ៏ពិតប្រាកដ។ រឿងដែលហួសចិត្តនោះគឺថា នៅពេលយើងរៀនពីរបៀបស្លាប់ហើយ ទើបយើងរៀនពីរបៀបរស់នៅដ៏ពិតប្រាកដ៕