ញាក់សាច់ម៉ង ! ឆ្មក់ចាប់បានកន្លែងផលិត និងលក់ស្រោមអនាម័យក្លែងក្លាយ ជាង៥សែនប្រអប់
មនុស្សមួយក្រុមនៅក្នុងប្រទេសចិន ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទផលិត និងលក់ស្រោមអនាម័យក្លែងក្លាយ។ ប៉ូលិសស្រុក Cangnan ដែលដឹកនាំការស៊ើបអង្កេត បានឆ្មក់ចូល និងរឹបអូសស្រោមអនាម័យជាង ៥សែនប្រអប់ ដែលមានតម្លៃសរុប ៥០លានយ័ន ឬ ៧លានដុល្លារ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រោមអនាម័យក្លែងក្លាយទាំងនោះត្រូវបានលក់ទៅឲ្យសណ្ឋាគារ ផ្សារទំនើប និងប្រតិបត្តិករតាមម៉ាស៊ីនលក់ទំនិញ នៅភាគកណ្ដាល និងភាគខាងកើតនៃប្រទេសចិន ក្រោមស្លាកសញ្ញានៃម៉ាកល្បីៗជាច្រើន។
ជាមួយគ្នានេះដែរ ប៉ូលិសបានព្រមានថា ស្រោមអនាម័យក្លែងក្លាយទាំងនោះ អាចបង្កជាការគំរាមកំហែងដល់សុខភាពសាធារណៈ ក្រោយឆ្មក់ចូលចាប់ដល់រោងចក្រផលិតនៅក្នុងខេត្ត Henan និង Hubei និងរោងចក្រវេចខ្ចប់នៅស្រុក Cangnan ខេត្ត Zhejiang។ បើតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ប្រតិបត្តិការខាងលើបានឈានដល់ការឃាត់ខ្លួនមនុស្ស ១៧នាក់ នៅរោងចក្រផ្សេងៗគ្នា។
គួរបញ្ជាក់ឲ្យដឹងថា ស្រោមអនាម័យ បានក្លាយជាផលិតផលក្លែងក្លាយច្រើនបំផុតនៅក្នុងប្រទេសចិន ជាធម្មតាមានតម្លៃពី ២០ ទៅ ៥០ យ័នក្នុងមួយកញ្ចប់ (៣ ដល់ ២២ ដុល្លារ)៕