រំភើបដល់ស្រក់ទឹកភ្នែក វីរៈនារី ស៊ន សៀវម៉ី បានឈរគោរពទង់ជាតិខ្មែរ ដែលខ្ពស់ជាងទង់ជាតិប្រទេសដ៏ទៃ ខណៈពេលបំពាក់មេដាយមាស និងបានលើកទង់ជាតិខ្មែរ រត់ជំុវិញវេទិការ បង្ហាញទៅអន្តរជាតិអោយគេបានស្គាល់ខ្មែរយើងកាន់តែច្បាស់
យោងតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីម្សិលមិញនេះ បានមានការបញ្ជាក់លេីកឡេីង ដោយមានខ្លឹមសារទាំងស្រុងថា៖«កម្ពុជាសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ខណៈកីឡាការិនី ២រូបទៀត ដណ្តើមបានត្រឹមប្រាក់។
សូមកោតសរសេីរ និងអបអរសាទរ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។ នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។
ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)»។
យ៉ាងណាមិញ ក្នុងឱកាសបំពាក់មេដាយមាសទី៣ ប្រភេទកីឡាតេក្វាន់ដូ ដែលដណ្តើមបានដោយកីឡាការិនី ស៊ន សៀវម៉ី គឺបានមានការការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ដែលនេះពិតជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់ប្រទេសជាតិទាំងមូល លេីឆាកអន្តជាតិ ដែលទង់ជាតិខ្មែរស្ថិតនៅខ្ពស់ជាងគេនោះ។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ត្រូវបានបើកការប្រកួតផ្លូវការនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។ ហើយឆ្នាំនេះដែរមានអត្តពលិកជិត៦ពាន់នាក់ ដែលមកពី១១ប្រទេសចូលរួម ពួកគេត្រូវប្រកួតប្រជែងលើ៥៦ប្រភេទកីឡា ខណៈកម្ពុជាបញ្ជូនអត្តពលិក៣១ប្រភេទកីឡាឲ្យចូលរួម។
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖khosja