អស្ចារ្យមែន!! អាយុត្រឹម ៩ឆ្នាំ តែអាចបង្កើតឧបករណ៍កម្ដៅទឹកសូឡា ឈ្នះរង្វាន់កិត្តិយស ផ្តល់ដោយវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ

សារព័ត៌មាន Mexico Daily ឱ្យដឹងថា ក្មេងស្រីអាយុ ៩ឆ្នាំ មកពីរដ្ឋ Chiapas បានទទួលរង្វាន់វិទ្យាសាស្ត្រកិត្តិយស (prestigious science award) សម្រាប់ឧបករណ៍កម្ដៅទឹកសូឡាដែលនាងបានរចនា និងផលិតឡើង។ ក្មេងស្រីមានឈ្មោះថា Xóchitl Guadalupe Cruz López រស់នៅទីក្រុង San Cristóbal de las Casas ប្រទេសម៉ិកស៊ិក បានទទួលពានរង្វាន់ទទួលស្គាល់សម្រាប់ស្ត្រី ICN ដែលត្រូវបានផ្តល់ដោយវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ (ICN) នៃសាកលវិទ្យាល័យស្វយ័តជាតិម៉ិចស៊ីកូ (UNAM) សម្រាប់ការបង្ហាញជំនាញឆ្នើមលើវិទ្យាសាស្ត្រ។ មិនត្រឹមតែនាងតូចជាអ្នកបង្កើតវ័យក្មេងនោះទេ រង្វាន់នេះផងដែរ គឺមិនដែលធ្លាប់បានទៅលើដៃកុមារណាមួយនោះឡើយ។

នាងតូច Xóchitl បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងចាប់ផ្ដើមបង្កើតវា គឺដោយសារតែនៅក្នុងភូមិដែលនាងរស់នៅមានអាកាសធាតុត្រជាក់ខ្លាំង។ នាងបន្ថែមថា វាត្រជាក់ខ្លាំងណាស់ ហើយប្រសិនបើមនុស្សគ្រប់គ្នាមិនបានងូតទឹកក្ដៅ ហើយងូតទឹកធម្មតា ពួកគេច្រើនតែធ្លាក់ខ្លួនឈឺ ហើយជាទូទៅពួកគេច្រើនតែឧស្សាហ៍ទៅពេទ្យ។ ក្រោយមកទើបនាងតូចរកបានវិធីថ្មី ដោយឧបករណ៍នេះអាចផលិតទឹកក្ដៅប្រើថាមពលពន្លឺព្រះអាទិត្យ មិនប៉ះពាល់បរិស្ថាន ហើយមិនអស់លុយច្រើនទៀតផង។

នាងតូចនិយាយថា នាងចង់ប្រើបញ្ញាជួយដល់គ្រប់គ្នា ព្រោះមានមនុស្សច្រើនណាស់ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ (ឧ: បំពាក់ឧបករណ៍កម្ដៅទឹកក្នុងផ្ទះ)។ ការបង្កើតថ្មីនេះមានសារសំខាន់កម្រិតធំ និងជាសកលផងដែរ ព្រោះថាអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថានរបស់វា នឹងជួយដល់ប្រទេសក្រីក្រជុំវិញពិភពលោក។ យ៉ាងណាមិញពេលនេះនាងតូចកំពុងពង្រឹងសមត្ថភាព ជាមួយនឹងការចូលរួមប្រកួតផ្នែកវិទ្យាសាស្ដ្រជាច្រើន ហើយលទ្ធផលរបស់នាងតូចនឹងជំរុញចិត្តមនុស្សគ្រប់គ្នា ជាពិសេសគឺស្ត្រីនៅក្នុងវិទ្យាសាស្ដ្រ។

តើឧបករណ៍នោះនាងតូចធ្វើបានយ៉ាងម៉េច?

Xóchitl បាននិយាយថា ឧបករណ៍របស់នាងធ្វើឡើងដោយមានការចូលរួមពី ទុយោខ្មៅ (១៥ម៉ែត្រ) , ដបទឹកលាបពណ៌ខ្មៅ (១០), ខ្សែប្លាស្ទិច, ផ្ទាំងឈើសម្រាប់ធ្វើជាគ្រោង, នីឡុងខ្មៅ និងកញ្ចក់កែច្នៃ។ នាងបានយកកញ្ចក់ចេញពីទូទឹកកកបញ្ឈរដែលខូច ដើម្បីប្រើផ្ទាំងកញ្ចក់នោះធ្វើដំណើរការផលនៃជាផ្ទះកញ្ចក់។ នាងតូចបានដាក់ឧបករណ៍លើដំបូលផ្ទះ ដើម្បីទាញយកថាមពលព្រះអាទិត្យដើម្បីដំណើរការវា ជាមួយនឹងកម្ដៅពី ៣៥ ទៅ ៤០អង្សាសេ៕

Leave a Reply

Your email address will not be published. Required fields are marked *