មិនធម្មតាមែនឆាវឆាវឲ្យគេសង់ផ្នូរ៧២កន្លែង ចុងក្រោយ បុរាណវិទូបានរកឃើញ ដែលបានលាក់ខ្លួនអស់ពេលជិត ២ពាន់ឆ្នាំ

តម្រុយដំបូងមួយត្រូវបានគេប្រកាសឡើងកាលពីឆ្នាំ២០០៩ ដែលពេលនោះគេបានរកឃើញសិលាចារឹកមួយដែលសរសេរថា «ស្ដេច Wu នៃ Wei» ដែលវាជាងារដែលគេបានដាក់ឲ្យ ឆាវ ឆាវ ក្រោយការស្លាប់របស់គាត់។

ឆាវ ឆាវ (Cao Cao) កើតនៅឆ្នាំ ១៥៥ និងស្លាប់នៅឆ្នាំ២២០ ជាអ្នកនយោបាយ និងមេទ័ពដ៏ពូកែមួយនៅចុងរជ្ជកាលសម័យ ហាន។ នៅក្នុងរឿងព្រេងជាច្រើន ឆាវ ឆាវ ត្រូវបានគេពណ៌នាថាជា អ្នកដឹកនាំមួយដែលគ្មានមេត្តាធម៌ ហើយជាមនុស្សវៃឆ្លាតខាងធ្វើសឹកសង្គ្រាម។ គាត់ជាអ្នកដែលដើរតួដ៏សំខាន់មួយនៅក្នុងសម័យសាមកុក (ចិនបែកជាបីនគរ)។

សំណេរបុរាណជាច្រើនបានចែងថា ឆាវ ឆាវ បានមានបំណងប្រាថ្នាមួយដែលគាត់មិនចង់ឲ្យផ្នូរគាត់មានការដាក់សញ្ញាបញ្ជាក់អ្វីនោះទេ ក៏ប៉ុន្តែបុរាណវិទូលោក Zhou Ligang បាននិយាយថា «ការរកឃើញថ្មីនេះអាចបញ្ជាក់ថា កូនរបស់គាត់ ឆាវ ពី ដែលបានស្នងតំណែង មិនបានធ្វើតាមបំណងប្រាថ្នារបស់ ឆាវ ឆាវ នោះទេ ហើយបានសាងផ្នូរដ៏ធំមួយដើម្បីជាការគោរពដល់ឪពុកគាត់»។

ក៏ប៉ុន្តែគេជឿជាក់ថា ក្រោយមក ឆាវ ពី បានបញ្ជាឲ្យបំផ្លាញដានចោលទាំងអស់ដែលបញ្ជាក់ថាវាជាកន្លែងកប់ឪពុករបស់គាត់ ដោយសារខ្លាចវាជាគោលដៅរបស់ចោរ ហើយនិងសត្រូវ។ ដូចនេះហើយបានជាគេឃើញមានស្នាមបំផ្លិចបំផ្លាញ ក៏ប៉ុន្តែគេមិនបានរកឃើញបំណែកអ្វីនៅក្នុងផ្នូរនោះទេ ដែលនាំឲ្យគេជឿថា ឆាវ ពី បានឲ្យមនុស្សបោសសម្អាតផ្នូរក្រោយបំផ្លាយតម្រុយ។ ហើយក៏មានរឿងព្រេងនិយាយតៗគ្នាផងដែរថា ឆាវ ឆាវ បានបញ្ជាឲ្យគេសាងផ្នូរ ៧២ កន្លែងដើម្បីបង្វែរដាន។

កាលពី ឆាវ ឆាវ ធ្វើជាឧបរាជនៃសម័យស្ដេចហាន គាត់បានហាមមិនឲ្យមានការកប់មនុស្សក្នុងលក្ខណៈធំដុំអ្វីនោះទេ។ ទាំងនេះហើយដែលជាហេតុដែលធ្វើឲ្យផ្នូរគាត់នៅជាអាថ៌កំបាំងអស់ជិត ២ពាន់ឆ្នាំមកនេះ។

ការជីករុករកត្រូវបានចាប់ផ្ដើមកាលពីឆ្នាំ ២០១៦ ហើយបញ្ចប់ទៅវិញនៅឆ្នាំ២០១៧ ប៉ុន្តែគេទើបតែបានប្រកាសជាសាធារណៈប៉ុន្មានថ្ងៃមុននេះតែប៉ុណ្ណោះ។

នៅក្នុងកន្លែងកប់នោះគេបានរកឃើញបន្ទប់ផ្នូររបស់ ឆាវ ឆាវ មានមនុស្សស្រី២នាក់ថែមទៀត។ គេបានប៉ាន់ស្មានថា ស្រីទាំង២នោះ ម្នាក់មានអាយុប្រហែល៥០ឆ្នាំ ហើយម្នាក់ទៀតមានអាយុប្រហែល ២០ឆ្នាំ។ វាជារឿងដែលគួរឲ្យឆ្ងល់មួយសម្រាប់បុរាណវិទូដោយ សំណេរបុរាណបានសរសេរថា ឆាវ ឆាវ ត្រូវបានកប់ជាមួយមហេសីគាត់ ដែលពេលនោះមានអាយុ៧០ឆ្នាំ។ ផ្នូររបស់កូនច្បងរបស់គាត់ ឆាវ អាង ដែលបានស្លាប់ក្នុងអាយុ ២០ឆ្នាំ ក៏ត្រូវបានគេរកឃើញនៅក្បែរផ្នូរគាត់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares