នាយក្ដិប ឈឺរ៉ាំរ៉ៃ បែរជួបទុក្ខកូនប្រុសស្លាប់ ស្រែកយំប្ដូរជីវិតខ្លួនជូនកូនវិញ(មានវីដេអូ)
ភ្នំពេញ ៖ នៅមុននេះបន្ដិចលើគណនីហ្វេសប៊ុកឈ្មោះ ពន្លឺ មង្គល សំអាងការ ដែលជាកូនស្រីរបស់តារាកំប្លែងជើងចាស់ នាយក្ដិប បានបង្ហាញនូវដំណឹងដ៏សោកសៅគ្មានអ្វីថ្លែង គ្រាដែលប្អូនប្រុសរបស់ខ្លួន និងជាតំណក់ឈាមនាយក្ដិប ដែលកំពុងឈឺជំងឺច្រើនមុខរ៉ាំរ៉ៃ បាត់បង់ពលកម្ម ផងនោះ បានស្លាប់គួរឲ្យរន្ធត់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្បែរវត្តខ្ទរ សង្កាត់ព្រែកលាភ រាជធានីភ្នំពេញ កាលពីយប់មិញនេះ ពោលគឺនៅក្បែរផ្លូវបត់ចូលផ្ទះតែម្ដង និងបានស្លាប់ភ្លាមៗដោយសារអាការៈធ្ងន់ធ្ងរពេក។ ប្រាប់ តារាញូស៍ តាមទូរស័ព្ទដោយក្ដីរន្ធត់ស្លុតចិត្តចំពោះមរណភាពប្អូនប្រុសដែលជាបង្គោលក្នុងគ្រួសារនេះផងដែរ ម្ចាស់គណនីខាងលើ បានបញ្ជាក់ថាជនរងគ្រោះជាកូនទី៣របស់នាយក្ដិប ហើយករណីខាងលើសមត្ថកិច្ចកំពុងដោះស្រាយជាមួយគ្រប់ភាគី។ ជាមួយគ្នានោះក្នុងវីដេអូដែលបានបង្ហោះនោះ បានធ្វើឲ្យមហាជនកើតនូវក្ដីអាសូរកាន់តែខ្លាំង ខណៈនាយក្ដិប បានស្រែកយំក្បែរសពកូនបណ្ដូលចិត្ត ព្រមទាំងស្រែកខ្លាំងៗទាំងតំណក់ទឹកភ្នែកហូរស្រោចផ្ទៃមុខដាស់ឲ្យកូនងើបវិញ សុខចិត្តប្ដូរជីវិតរបស់ខ្លួនដើម្បីឲ្យកូនរស់។ ស្របពេលដែលមហាជនជាច្រើនក៏បានចូលរួមរំលែកដោយក្ដីអាសូរពន់ពេកដល់ក្រុមគ្រួសារនាយក្ដិបផងដែរ។