ឡូយអស់ទាស់! ពេលនេះ ម៉ោងនេះ នៅភូមិព្រះដាក់យើងហ្នឹង លែងសុទ្ធតែបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋ (មានវីដេអូ)
នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់ឲ្យដឹងថា “ការងារតម្លើងអំពូលសូឡាស្វ័យប្រវត្តិជូនតាមផ្ទះនីមួយៗនៅក្នុងភូមិព្រះដាក់ សម្រេចបាន៦០%ហើយ!
ឆ្លៀតពេលចុងសប្តាហ៍ ខ្ញុំបានចុះតាមដានត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពនៃយុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់។
មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលឆ្លុះបញ្ជាំងពីការចូលរួមនិងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ នោះគឺការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយះការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំបានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង បើទោះជាក្នុងដំណាក់សាកល្បងនេះ ពួកគាត់មិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។ អរគុណដល់អ្នកភូមិព្រះដាក់ ចំពោះស្មារតីចូលរួម ស្រលាញ់ប្រយោជន៍រួម និងមានភាពស្រុះគ្នាជាសហគមន៍។ #ផ្ទះ១អំពូល១ #ព្រះដាក់”។
ចំណែកនៅមុននេះបន្តិច លោកក៏ទើបបានបង្ហោះរូបភាពនៅពេលយប់ថែមទៀត ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងនោះលោក ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “ពេលនេះ! ម៉ោងនេះ! នៅព្រះដាក់យើងហ្នឹង! សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង។ អ្នកណាថាភូមិឃុំជនបទមិនអាចសុីវិល័យបាន?! #អរគុណសន្តិភាព”៕