អបអរសាទរអ្នកកំពង់សោម! ចិននឹងផ្តល់ជំនួយដល់កម្ពុជា​ និងជួយដល់ខេត្តព្រះសីហនុ​ ទៅតាមតម្រូវការរបស់កម្ពុជា

នៅល្ងាចថ្ងៃទី០៥​ កុម្ភៈ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជេីញជួបពិភាក្សាជាមួយ​ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន​ នៅទីក្រុងប៉េកាំង​ ប្រទេសចិន។ នៅក្នុងជំនួបនេះដែរ​ ឯកឧត្តម​ ប្រធានាធិបតី បានជម្រាបសម្ដេចថា​ ឯកឧត្ដម​ ពិតជារីករាយក្នុងការជួបសម្តេចជាថ្មីម្តងទៀតនៅទីក្រុងប៉េកាំង។ ឯកឧត្តម បន្តថា ប្រជាពលរដ្ឋចិន ក៏ដូចជារដ្ឋាភិបាលចិន កំពុងប្រឈមនឹងការរីករាលដាលនៃជំ.ងឺផ្លូវដង្ហើ.មបង្កដោយមេរោគ «កូរ៉ូណា»នេះ ហើយចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសនិស្សិតកម្ពុជាកំពុងរស់នៅក្នុងប្រទេសចិន រដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា មុននេះសម្តេចបានចាប់ដៃ ឯកឧត្តម លី ខឺឈាង បើទោះបីជាឯកឧត្តម ទើបត្រឡប់មកពីទីក្រុងវូហានថ្មីៗក៏ដោយ។ សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចមិនពាក់ម៉ាស់ទេ បើពាក់ម៉ាស់មិនបាច់មកទស្សនកិច្ចនៅប្រទេសចិនទេ។ សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ទោះបីមិត្តចិនបានត្រៀមម៉ាស់សម្រាប់សម្តេចក៏ដោយ ក៏សម្តេចមិនពាក់ដែរ។

ឯកឧត្តមប្រធានាធិបតី បានថ្លែងថា លោកពិតជាអរគុណចំពោះទឹកចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្ហាញនូវការគាំទ្រដ៏ខ្លាំងចំពោះប្រទេសចិន។ មានន័យថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេចតេជោ និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា មាននិស្សិតកម្ពុជាកំពុងនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលចិន នឹងយកចិត្តទុកដាក់លើពលរដ្ឋ និងនិស្សិតចិន ដូចជាប្រជាពលរដ្ឋ និងកូនចៅរបស់ប្រជាពលរដ្ឋចិន។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជា ជាមិត្តស្មោះត្រង់របស់ចិន។ លោកប្រធានាធិបតី បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន។ ឯកឧត្តមប្រធានាធិបតី ក៏បានអរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានសព្វព្រះរាជហឫរាជឧបត្ថម្ភថវិកា ១០ម៉ឺន និង៥ម៉ឺនដុល្លារ សម្រាប់ជួយដល់ការលំបាករបស់ចិន។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អាចអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពេលណាក៏បាន ហើយលោកប្រធានាធិបតី អាចជួបសម្តេចតេជោច្រើនដង និងញឹកញាប់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា លោកគាំទ្រចំពោះកិច្ចចរចាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ហើយត្រូវតែបង្កើនល្បឿននៃការរៀបចំឯកសារឈានទៅការចុះហត្ថលេខាឱ្យបានឆាប់បំផុត។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា នៅខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកក៏បានលើកពីការអនុវត្តច្បាប់នៅខេត្តព្រះសីហនុ ហើយសម្តេចបានបញ្ឈប់នូវល្បែងភ្នាល់អនឡាញ។ លោកប្រធានាធិបតី បង្ហាញការសរសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការនេះ។

ឯកឧត្តមប្រធានាធិបតី បានអះអាងថា ចិននឹងផ្តល់ជំនួយសម្រាប់កម្ពុជា និងខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានលើកឡើងថា រដ្ឋាភិបាលចិននឹងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកបណ្តាក់ទុននៅកម្ពុជា និងនាំចូលផលិតផលពីកម្ពុជាចូលប្រទេសចិន។ លោកប្រធានាធិបតីស្នើកម្ពុជា ធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ច។ លោកប្រធានាធិបតី ស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនប្រឈមអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ។

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *