តាន់ គីមសួរ៖ រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំ ដែលឃើញជនបរទេសម្នាក់នេះ លះបង់ដើម្បីការពារព្រៃឈើខ្មែរ, ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់ ចាស់ច្រើនណាស់…
ម្សិលមិញនេះ នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ លោក Tan Kimsour បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។
បេនអើយ ទៅស្រុកលោកវិញទៅ! លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!”។
លោក តាន់ គីមសួរ ក៏បានបញ្ជាក់ក្នុង comment បន្ថែមថា៖ “បេនប្រាប់ខ្ញុំថា គាត់មិនអាចបោះបង់ បានទេ គាត់សុំផ្ញើឆ្អឹងនៅស្រុកខ្មែរហើយ”។
ចំណែកនៅពេលរាត្រី ម៉ោងជាង១០យប់ នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ធ្វើឲ្យលោក តាន់ គីមសួរ នៅមិនសុខ ក៏បង្ហោះរូបភាពដ៏ចាក់ដោតអារម្មណ៍មួយសន្លឹករបស់បេន ហើយលោកពោលថា៖ ”
រូបភាពមួយសន្លឹកនេះពិតជាធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ក្តួកក្តួលយ៉ាងខ្លាំង រួមទាំងខ្ញុំដែលជាអ្នកថតដែលឃើញជនបរទេសម្នាក់នេះលះបង់បែបនេះដើម្បីការពារព្រៃឈើខ្មែរ ទាំងដែលខ្មែរមួយចំនួនដែលជាម្ចាស់ប្រទេសកំពុងតែព្យាយាមបំផ្លាញខ្លួនឯងទៅវិញ
យប់មិញថ្មើរនេះខ្ញុំកំពុងតែល្បាតព្រៃគ្រាន់បានជាគ្នាជាមួយបេន យប់នេះខ្ញុំមិនបានទៅជាមួយគាត់ទេ ហាក់មានអារម្មណ៍នៅមិនសុខសោះ។ បងប្អូនបើមានពេល សូមបងប្អូនទៅជួយសម្រួលកិច្ចការងារនេះជាមួយគាត់ផង។ ឆ្នាំថ្មីនេះ បេនអាយុ៥៣ឆ្នាំហើយ ហត់នើយច្រើនណាស់ ចាស់ច្រើនណាស់ សូមទេវតាតាមថែរក្សាអ្នក បេន”៕