កើនច្រើន! ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាឡើងដល់ ៧២០នាក់ ឆ្លងដល់ជាង ៣៤០០០នាក់, ជប៉ុនរកឃើញជិត ៩០ករណី
អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ីដែលជាតំបន់ផ្ទុះវីរុសកូរ៉ូណាខ្លាំងជាងគេ បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈនេះ ថាមានអ្នកស្លាប់ថ្មីចំនួន ៨១ នាក់ដោយសារវីរុសឆ្លងដ៏សាហាវនេះ និងបានរកឃើញករណីឆ្លងថ្មីចំនួន ២៨៤១ ក្នុងខេត្តរបស់ខ្លួន ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។តួលេខនេះនាំឲ្យចំនួនសរុបនៃចំនួនអ្នកស្លាប់ប្រកាសដោយគណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីឡើងដល់ ៦៩៩ និងអ្នកឆ្លងសរុប ២៤៩៥៣នាក់។
បើគិតសរុបនៅទូទាំងពិភពលោក មានសេចក្តីរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧២០នាក់និងមានអ្នកឆ្លងច្រើនជាង ៣៤៣៩០ ករណី។ ក្នុងនោះចំនួនអ្នកជាសះស្បើយមានប្រមាណ ២០៥០ករណី គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ។
ខណៈដែលរដ្ឋាភិបាលចិនកំពុងដុតដៃដុតជើងទប់ទល់នឹងការផ្ទុះជំងឺដែលផ្ទុះចេញពីទីក្រុងអ៊ូហាន រដ្ឋធានីខេត្តហ៊ូប៉ីកាលពីចុងខែធ្នូកន្លងទៅនេះ ការឆ្លងបានរាលដាលដល់ប្រទេសយ៉ាងតិច ២៤ ផ្សេងទៀតដែលបង្កឱ្យមានមនុស្សច្រើនជាង ២៧០ នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសនេះនៅខាងក្រៅប្រទេសចិន ហើយក្នុងនោះមានអ្នកជំងឺម្នាក់បានស្លាប់នៅប្រទេសហ្វីលីពីន។
ក្នុងចំណោមប្រទេសដែលរកឃើញករណីនេះក្រៅពីចិន បច្ចុប្បន្នជប៉ុនឈរលើចំណាត់ថ្នាក់លើគេ ក្រោយរកឃើញអ្នកដំណើរជាច្រើនលើនាវាទេសចរណ៍ដែលផ្ទុកមនុស្សជាង ៣០០០នាក់មានផ្ទុកវីរុសរលាកសួតថ្មីនេះ៖
ជប៉ុន ៨៦
សិង្ហបុរី ៣៣
ថៃ ២៥
កូរ៉េខាងត្បូង ២៤
អូស្ត្រាលី ១៥
ម៉ាឡេស៊ី ១៥
អាឡឺម៉ង់ ១៣
វៀតណាម ១២
អាមេរិក ១២
បារាំង ៦
អារ៉ាប់រួម ៥
កាណាដា ៥
ឥណ្ឌា ៣
ហ្វីលីពីន ៣
ចក្រភពអង់គ្លេស ៣
អ៊ីតាលី ៣
រុស្ស៊ី ២
បែលហ្ស៊ិក ១
អេស្ប៉ាញ ១
កម្ពុជា ១
ស្រីលង្កា ១
ហ្វាំងឡង់ ១
នេប៉ាល់ ១
ស៊ុយអែត ១
ប្រភព៖ kampucheathmey.